កន្លែងបន់ស្រន់ទាំង
៤នៅកម្ពុជា ត្រូវបានប្រជាពលរដ្ឋល្បីតៗគ្នាថា
ពូកែស័ក្ដិសិទ្ធបំផុត ចង់បានអ្វីក៏បានហ្នឹង។ ដូច្នេះចង់ដឹងថា
ទីតាំងបន់ស្រន់ទាំងនោះ នៅក្នុងខេត្តណាខ្លះ?
ខាងក្រោមនេះជាកន្លែងបន់ស្រន់ល្បីៗទាំង ៤ ក្នុងខេត្តផ្សេងៗគ្នា៖
១. អ្នកតាក្រហម ក នៅភ្នំសន្ទុកបន់ដើម្បីឱ្យគេសងលុយ
កូនបំណុលជំពាក់រាប់ឆ្នាំស្ទើរមិនសង
គឺម្ចាស់លុយបានទៅបន់ស្រន់ លោកតាក្រហមក
នៅភ្នំសន្ទុកស្ថិតនៅក្នុងខេត្តកំពង់ធំ
បានសម្រេចស្ទើរគ្រប់គ្នា។ ទន្ទឹមនឹងនេះ
អ្នកប៉ងចូចែចូវស្ដីដណ្ដឹងកូនគេ ឬ ចង់លក់ដីដាច់
សុទ្ធតែទៅបន់ស្រន់នៅទីនេះបានដូចសេចក្ដីប្រាថ្នា។
នេះបើតាមការលើកឡើងរបស់ លោកយាយ ម៉ៅ
អ្នកថែរក្សាកន្លែងអ្នកតាក្រហមក លើភ្នំសន្ទុក។
២.អណ្ដូងទឹក ៧ពណ៌ឬរូងនាគភ្នំគូលែនបន់ដើម្បីបានប្ដី
ភ្នំគូលែនស្ថិតនៅក្នុងស្រុកស្វាយលើ និងស្រុកវ៉ារិន ចម្ងាយ
៦០គីឡូម៉ែត្រពីក្រុងសៀមរាប និងប្រហែល
២៥គីឡូម៉ែត្រពីប្រាសាទបន្ទាយស្រី។ ភ្នំនេះមានឈ្មោះដើមថា
មហិន្រ្ទបព៌ត ជាកន្លែងដែលព្រះបាទជ័យវរ្ម័នទី២
ប្រារព្ធធ្វើពិធីទេវរាជ
និងប្រកាសឯករាជ្យពីប្រទេសជ្វាក្នុងឆ្នាំ៨០២
ដែលជាពេលដែលសម័យអង្គរកើតឡើង។
នៅលើភ្នំនេះដែរ
មានកន្លែងមួយដែលគេបានឱ្យឈ្មោះថាជាអណ្ដូង៧ពណ៌ឬហៅម្យ៉ាងទៀតថារូងនាគ
ដែលល្បីថាសក្ដិសិទ្ធិខ្លាំងណាស់
ពោលគឺទាំងភ្ញៀវជាតិនិងអន្តរជាតិមិនដែលរំលងនោះទេ។
អ្វីដែលកាន់តែពិសេសថែមទៀតនោះ
បើតាមអ្នកនាំភ្ញៀវម្នាក់នៅលើភ្នំគូលែន
បានប្រាប់ដូច្នេះថាបរទេសឱ្យតែមកដល់កន្លែងនេះ
តែងតែមានជំនឿបន់ស្រន់សុំសេចក្ដីសុខជានិច្ច
ហើយនារីៗខ្លះក៏ឆ្លៀតសុំរកគូស្រករថែមទៀតផង
ដោយមានពាក្យតៗគ្នាថាអាចនឹងបានដូចបំណងច្រើន។
៣.រូងពស់ត្បាល់នៅវត្តត្រឡែងកែងបន់អ្វីក៏បានដូចបំណង
វត្តត្រឡែងកែង ស្ថិតនៅក្នុងឃុំលង្វែក ស្រុកកំពង់ត្រឡាច
ខេត្ដកំពង់ឆ្នាំង
ហើយជាកន្លែងចំកណ្ដាលអតីតរាជធានីលង្វែកដែលត្រូវបានកសាងឡើងនៅ
ស.វ. ទី ១៦។
វត្តនេះមានវ័យចំណាស់ធ្លាប់មានប្រវត្តិសាស្ត្រដ៏សែនជូរចត់ក្នុងសម័យសង្គ្រាមរវាងកម្ពុជានិងសៀម
ដោយកងទ័ពសៀមបានប្រើគោលនយោបាយបាចប្រាក់ឌួង ចូលរនាំងព្រៃឫស្សី។
បច្ចុប្បន្ននៅក្នុងវត្តនេះ
ត្រូវបានប្រជាជនដាំដើមឫស្សីជាច្រើនគុម្ពដើម្បីរក្សាការចងចាំសម្រាប់ដាស់តឿនដល់កូនចៅជំនាន់ក្រោយ
កុំឱ្យភ្លេចពីប្រវត្តិសាស្ត្ររបស់ខ្លួន។
អ្វីដែលកាន់តែពិសេសទៀតនោះ ក្នុងវត្តនេះដែរ
មានរូងស័ក្ដិសិទ្ធិមួយ ដែលតាំងពីដើមមកគេឱ្យឈ្មោះថា
រូងពស់ត្បាល់។ រូងនេះ មានប្រវែងចាប់ពីវត្តត្រឡែងកែងនេះ
រហូតដល់ភ្នំបាសិតឯណោះ ដែលមានរឿងប្រវត្តិសាស្ត្រតំណាលជាច្រើន។
៤.ទួលបារាយណ៍អណ្ដែតបន់ដើម្បីឡើងតំណែង
ទួលបារាយណ៍អណ្ដែត ឬទួលអស់លោក នៅស្រុកកំពង់លាវ ខេត្តព្រៃវែង
ជាកន្លែងដ៏ស័ក្ដិសិទ្ធិមួយ
ដែលល្បីថាអ្នកបន់ស្រន់សុំឡើងតំណែងតែងសម្រេចដូចបំណង
ហើយអ្នកធំភាគច្រើននាំគ្នាទៅលាបំណន់វិញ
ក្រោយពេលជោគជ័យតាមសេចក្ដីប្រាថ្នា។
ប្រជាជនជាច្រើនមានជំនឿលើទួលនេះ ដោយសារពេលបន់ស្រន់សុំអ្វីមួយ
តែងសម្រេចដូចបំណង ហើយអ្នកឈឺថ្កាត់ ក៏បានជាវិញ
ចំណែកអ្នកបន់ស្រន់ឲ្យឡើងស័ក្ដិ(តំណែង)ក៏បានជោគជ័យ៕
ប្រភព៖ Sabay
Post a Comment