Header Ads

រតនសម្បត្តិតម្លៃជាង ១ពាន់លានដុល្លារ ក្នុងសំពៅចម្បាំង ដែលលិចក្រោមសមុទ្រជាង ២៥០ឆ្នាំ នឹងត្រូវស្រង់ឡើងមកវិញ




អង់គ្លេស៖ សំពៅចម្បាំងរបស់ចក្រភពអង់គ្លេសមួយគ្រឿង ដែលបានលិចបាត់នៅតំបន់ក្បែរឆ្នេរសមុទ្រទ្វីបអាមេរិកខាងត្បូង កាលពីសម័យសង្គ្រាម អាចនឹងមានឱកាសងើបមើលឃើញពន្លឺព្រះអាទិត្យជាថ្មីម្តងទៀតជាមួយកាក់មាស ដែលមានតម្លៃជាង ១ពាន់លានដុល្លារ (១២៥២, ០០០,០០០ដុល្លារ)។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន មីរ័រ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧។

សំពៅមួយគ្រឿងជាសំពៅចម្បាំងរបស់ព្រះអង្គម្ចាស់ Robert Clive ដែលជាឧត្តមសេនីយ៍ទោចក្រភពអង់គ្លេសមួយរូប។ ទ្រង់បានលិចចូលទៅក្នុងសមុទ្រជាមួយសំពៅ បន្ទាប់ពីសំពៅរបស់ទ្រង់ ត្រូវកាំភ្លើងធំបាញ់ពន្លិចនៅក្នុងឆ្នាំ១៧៦៣ ក្នុងពេលដែលទ្រង់ប៉ុនប៉ងព្យាយាមវាយដណ្តើមយកទីក្រុង Colonia del Sacramento របស់ប្រទេសអ៊ុយរូហ្គាយ ពីអេស្ប៉ាញមកវិញ ដែលទីក្រុងនេះធ្លាប់ស្ថិតក្រោមអាណានិគមរបស់អង់គ្លេស។

គួររំឭកថា នៅគ្រាពេលនោះលោកមេបញ្ជាការ Robert McNamara ជាអ្នករៀបចំគម្រោងវាយលុក ដណ្តើមទីក្រុងមកវិញ  តែនៅចុងបញ្ចប់នៃសង្គ្រាមដែលមានរយៈពេលជាង៧ឆ្នាំ  កងកម្លាំងរបស់អេស្ប៉ាញបានលួចលាក់រៀបចំគម្រោងវាយបកប្រឆាំងអង់គ្លេសវិញ។ សង្គ្រាមនាពេលនោះហើយដែលមានអ្នកបានមើលឃើញ  ព្រះអង្គម្ចាស់ Robert Clive ត្រូវផ្ទុះបែកជាបំណែកៗលើសំពៅចម្បាំងរបស់ទ្រង់ ជាមួយកងនាវិកជាង២៧២នាក់ទៀតដែលបានស្លាប់ ពេលត្រូវកាំភ្លើងធំសត្រូវបាញ់ពន្លិច។
រហូតមកដល់បច្ចុប្បន្ន អស់រយៈពេលជាង ២៥៤ឆ្នាំមកហើយ ដែលអ្នកតាមប្រមាញ់រតនសម្បត្តិ គឺលោក Ruben Collado  គ្រោងនឹងស្រង់សំពៅនោះឡើងមកលើគោកវិញ ពោលគឺនៅ​ខែក្រោយនេះតែម្តង។ 

បុរសជនជាតិអាហ្សង់ទីនរូបនេះ មានសង្ឃឹមថាអាចរកឃើញដុំមាសតម្លៃជាង១ពាន់លានដុល្លារ  រួមទាំងវត្ថុបុរាណជាច្រើនទៀត  ដូចជាដបស្រា  អាភៀន  និងក្រណាត់សូត្រ ជាដើម នៅលើសំពៅចម្បាំងអាចផ្ទុកបំភ្លើងធំ ៦៤កាណុង មួយគ្រឿងនេះ។
លោក Ruben Collado បាននិយាយថា «ប្រសិនបើសំពៅនោះមិនបានលិចទេនោះ ទីក្រុង Colonia del Sacramento នឹងក្លាយជារបស់អង់គ្លេសសាជាថ្មី  កុំអីពេលនេះយើង​ប្រហែល​ជាត្រូវនិយាយភាសាអង់គ្លេស បែបអាមេរិកឡាទីនបាត់ទៅហើយ»។
លោកបន្តថា «កាលណោះ ប្រសិនបើព្រះអង្គម្ចាស់ Robert Clive ប្រើយុទ្ធសាស្ត្របាញ់​កាំភ្លើងធំពីចម្ងាយ  ម្ល៉ោះ Colonia del Sacramento ទាំងមូលប្រហែលជាត្រូវខ្ទេចអស់​ក្នុងរយៈពេល ១ម៉ោងបាត់ទៅហើយ»។

ប្រភពព័ត៌មានបានបន្តថា សំពៅនោះមានទីតាំងនៅចម្ងាយប្រមាណ៣៥០ម៉ែត្រ ពីឆ្នេរសមុទ្រ   និងមានជម្រៅជិត៥០ម៉ែត្រក្រោមផ្ទៃទឹក។ ហើយក្រោយមកទៀត វាត្រូវបានទាហានអេស្ប៉ាញយកថ្មមកបោះកប់ពីលើ ដើម្បីកុំឲ្យអណ្តែតឡើងមកវិញផងដែរ។
តាមការឲ្យដឹង លោក Ruben Collado អាចមានសិទ្ធិទទួលបានទ្រព្យសម្បត្ដិ​ពាក់កណ្តាល​នៃទ្រព្យសម្បតិ្តដែលរកឃើញនៅក្នុងសំពៅនោះ។ ខណៈលោកត្រូវចំណាយប្រាក់ជាង៥លានដុល្លារជាមុន លើក្រុមអ្នកបើកបរចំនួន៨០នាក់ រួមជាមួយនឹងអ្នកបច្ចេកទេស ព្រមទាំងជំនួយមួយចំនួនទៀត ពីអ្នកចូលរួមនៅក្នុងប្រតិបត្ដិការស្រង់សំពៅនេះ៕ 

No comments