សូមប្រយត្ន័ ! ក្មេងនេះពុលឈាមជិតដល់ដំណាក់កាលស្លាប់ដោយសារតែម្តាយឱ្យថ្នាំ Ibuprofen ដើម្បីព្យាបាលជំងឺអុតស្វាយ! ជួយរំលែកដំណឹងនេះដល់បងៗជាម្តាយឪពុកបានដឹងពត៏មាននេះផង
រូបភាពគួរឱ្យតក់ស្លត់ទាំងនេះបានបង្ហាញពីប្រតិកម្មគួរឱ្យខ្លាចរបស់ថ្នាំ Ibuprofen លើក្មេងប្រុសតូចម្នាក់ដែលកើតជំងឺអុតស្វាយ។
បើយោងតាមវេបសាយដេលីមែលចេញផ្សាយកាលពីថ្ងៃទី ៨ ខែមេសាបានឱ្យដឹងថា លោកស្រី Hayley Lyons បានចែកចាយរូបភាពទាំងនេះដើម្បីក្រើនរំលឹកឪពុកម្តាយទាំងឡាយអំពីគ្រោះថ្នាក់នេះ បន្ទាប់ពីកូនប្រុស Lewis របស់គាត់ធ្លាក់ខ្លួនកើតជំងឺពុលឈាមហៅថា Septicaemia។
ផុស Facebook របស់គាត់ឥឡូវមានអ្នកស៊ែរជិត ៣៥០.០០០ ដងហើយ។ លោកស្រីបានពន្យល់ពីរបៀបដែលវេជ្ជបណ្ឌិតមួយចំនួនចេញវេជ្ជបញ្ជាថ្នាំ Ibuprofen ដល់កូន Lewis របស់គាត់ ដែលគាត់បានឱ្យកូនផឹកដោយមិនដឹងខ្លួន និងមិនដឹងពីគ្រោះថ្នាក់របស់ថ្នាំនេះទេ។
ស្ថានភាពកូនគាត់មានសភាពយ៉ាប់យ៉ឺន និងចុងបញ្ចប់បានដេកពេទ្យដើម្បីព្យាបាលជំងឺពុលឈាម។
បន្ទាប់ពីយកកូនគាត់ទៅមន្ទីរពេទ្យកុមារ Alder Hey Children's Hospital វេជ្ជបណ្ឌិតបានប្រាប់គាត់ថា គាត់មិនគួរឱ្យថ្នាំ Ibuprofen ដល់កូនទេ ព្រោះវាមានប្រតិកម្មជាមួយជំងឺអុតស្វាយ ដោយធ្វើឱ្យជំងឺនេះចូលកាន់តែជ្រៅក្នុងជាលិកាស្បែក។
ក្នុងផុសហ្វេសប៊ុក លោកស្រី Hayley បាននិយាយថា "ជំងឺអុតស្វាយចេញមកម្តងទៀតហើយ តើខ្ញុំអាចរំលឹកមនុស្សគ្រប់គ្នាកុំឱ្យកូនផឹកថ្នាំ Nurofen/Ibuprofen បានទេ? វេជ្ជបណ្ឌិត ៤ នាក់ក្នុងមូលដ្ឋានបានចេញវេជ្ជបញ្ជាថ្នាំនេះសម្រាប់ Lewis ព្រោះយើងមិនអាចបញ្ចុះកម្តៅក្នុងខ្លួនរបស់គាត់បាន។ ពួកគេថែមទាំងឱ្យថ្នាំនេះដល់ Lewis នៅបន្ទប់សង្គ្រោះបន្ទាន់ថែមទៀត"។
"ថ្នាំប្រភេទនេះគឺសម្រាប់ប្រឆាំងការហើម។ វាមានប្រតិកម្មជាមួយជំងឺអុតស្វាយដោយធ្វើឱ្យអុតស្វាយចូលកាន់តែជ្រៅក្នុងជាលិកាស្បែក។ ទាល់តែពេលយើងបញ្ជូន Lewis មកពេទ្យ Alder Hey ទើបយើងដឹងពីជំងឺពុលឈាម ព្រោះវេជ្ជបណ្ឌិតមកពីពេទ្យមូលដ្ឋានចេះតែឱ្យបញ្ជូនកូនត្រឡប់មកផ្ទះវិញដោយនិយាយថា វាគ្រាន់តែជាជំងឺអុតស្វាយ"។
"Lewis ចុងក្រោយបានកើតជំងឺពុលឈាម Septicaemia និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Alder Hey យ៉ាងប្រញាប់បំផុត។ បើយើងនឹកឃើញបញ្ជូនកូនមកមន្ទីរពេទ្យកុមារជាមុន គាត់ប្រហែលជាមិនមានបញ្ហានោះទេ។ ជំងឺនេះនឹងកាន់តែធ្ងន់ធ្ងរបើកុំតែបានវេជ្ជបណ្ឌិតនៅពេទ្យ Alder Hey និងដំបូន្មាន ការយកចិត្តទុកដាក់ និងចំណេះដឹងរបស់ពួកគាត់។ ករណីកូនក្តៅខ្លួនខ្លាំងគឺមានតែប្រើថ្នាំ CALPOL ប៉ុណ្ណោះអាចជួយបាន"។
"គេពិតជាបាននិយាយលើវេបសាយថ្នាំ Nurofen ថាកុំលេបថ្នាំនេះជាមួយនឹងជំងឺអុតស្វាយ។ ប៉ុន្តែនៅពេលវេជ្ជបណ្ឌិតរបស់យើងចេញវេជ្ជបញ្ជាឱ្យលេបថ្នាំនេះ តើនរណានឹងសួរដេញដោលពីរឿងនេះ?"។
ព័ត៌មានចែកចាយដោយក្រុមវេជ្ជបណ្ឌិតជំនាញនៅលើវេបសាយ Medline Plus បានបញ្ជាក់ថា ថ្នាំនេះមិនគួរឱ្យកូនកើតអុតស្វាយលេបនោះទេ។
វេបសាយនេះនិយាយថា "មិនគួរឱ្យថ្នាំអាស្ពៀរីន ឬ Ibuprofen ទៅនរណាម្នាក់ដែលកើតអុតស្វាយលេបនោះទេ"។
លោកស្រី Lyons បាននិយាយថា "Lewis ឥឡូវជាសះស្បើយវិញហើយ។ រឿងនេះបានកើតឡើងកាលពី ១០ ខែមុន ប៉ុន្តែកូននៅតែមានស្លាកស្នាម។ កូនស្រីមិត្តភក្តិខ្ញុំកើតជំងឺអុតស្វាយ ដូច្នេះនៅពេលដែលខ្ញុំបានឃើញរឿងនេះកើតឡើងម្តងទៀត ខ្ញុំក៏សម្រេចចិត្តចែកចាយរូបភាពកូន Lewis ឱ្យគ្រួសារមិត្តភក្តិទាំងឡាយបានដឹងតែម្តង"៕
ប្រភព៖ ដេលីមែល



Post a Comment