ព័ទ្ធផ្ទះតាំងពីព្រលប់រហូតដល់ ព្រឹកឡើងឆែកឆេរឃើញរថយន្ត ខ្មាន់កាំភ្លើងយោធាគេចខ្លួនបាត់
ភ្នំពេញ ៖ បន្ទាប់ពីមានឃាតកម្ម ខ្មាន់កាំភ្លើងតាមបាញ់ប្រហារស្រីប្រុស២នាក់ដល់មុខផ្ទះ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងនគរបាលខណ្ឌសែនសុខ ធ្វើការស្រាវជ្រាវតាមប្រមាញ់យ៉ាងប្រកិត រហូតឈានទៅកំណត់មុខសញ្ញាជនដៃដល់បាន ហើយសហការជាមួយនគរបាលខណ្ឌជ្រោយចង្វារ ធ្វើការឡោមព័ទ្ធលំនៅឋានជនដៃដល់តាំងពីក្បាលព្រលប់ ។ លុះម៉ោងប្រមាណ៩ព្រឹកថ្ងៃទី២៨ កុម្ភៈ ក៏ធ្វើការឆែកឆេរដើម្បីឃាត់ខ្លួន តែត្រូវជនដៃដល់គេចខ្លួនបាត់ នៅសល់តែរថយន្តដែលជិះធ្វើសកម្មភាពតែប៉ុណ្ណោះ ។
លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានប្រាប់ឲ្យដឹងថា លំនៅឋានជនសង្ស័យស្ថិតក្នុងបុរីសុភមង្គលផ្ទះលេខ T53A ក្រុម១៣ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។ ក្នុងប្រតិបត្តិការឆែកឆេរនេះកម្លាំងនគរបាលដកហូតបានរថយន្តមួយគ្រឿង ម៉ាក Range Rover ពាក់ស្លាកលេខ 2R-6967 ដែលជាមធ្យោបាយប្រព្រឹត្តបទល្មើស និងសម្ភារមួយចំនួនទៀត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចេញដីកាតាមចាប់ខ្លួន ។
លោកអធិការបើកប្រតិបត្តិការនេះស្ថិតនៅក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងនគរបាលខណ្ឌជ្រោយចង្វារ ក្រោមការសម្របសម្រួលពីលោក ឡុង ជាប ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។
ជនដៃដល់ដែលសមត្ថកិច្ចកំពុងតែតាមចាប់ខ្លួន ត្រូវបានស្គាល់គឺឈ្មោះ ប៊ុន តេង ហៅហ្គោ អាយុ៣២ឆ្នាំ ជាមន្ត្រីយោធាភូមិភាគ៥ មានឋានន្តរសក្តិអនុសេនីយ៍ត្រី និងជាអ្នករកស៊ីនាំខោអាវពីប្រទេសថៃ មកបោះដុំនៅតាមផ្សារនានាក្នុងរាជធានីភ្នំពេញ ។ ជននេះ មានស្រុកកំណើតនៅភូមិប្រឡាយធំ ឃុំព្រៃញី ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ មានប្រពន្ធឈ្មោះ ចាប វីលី អាយុ៣១ឆ្នាំ និងមានកូន២នាក់ ។
បើតាមស្ត្រីជាប្រពន្ធ បានឱ្យសមត្ថកិច្ចដឹងថា ប្តីរបស់គាត់នេះបានគេចខ្លួនចេញពីផ្ទះ តាំងពីវេលាព្រឹកព្រលឹម ដែលសង្ស័យថា ទំនងជាដឹងខ្លួនមុន ព្រោះលំនៅឋានដែលស្នាក់នៅ មានបំពាក់សុទ្ធតែកាមេរ៉ាសុវត្ថិភាព អាចគេចទៅតាមផ្លូវក្រោយ ។ ទាក់ទិនរឿងរ៉ាវថា ប្តីបាញ់សម្លាប់គូស្នេហ៍នោះ ស្ត្រីជាប្រពន្ធពុំបានដឹងនោះទេ ។
មន្ត្រីប៉ូលិសថា ការឈានទៅដល់ការកំណត់បានមុខសញ្ញាខ្មាន់កាំភ្លើងនេះ ជនដៃដល់បានគេចខ្លួនបាត់ក្រោយពីមានការបាញ់ប្រហារជាច្រើនគ្រាប់ គឺត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាព ពីរថយន្ត RANGE ROVER ពណ៌.ស និងមានផ្លាកលេខយ៉ាងច្បាស់ ហើយរថយន្តនេះ ត្រូវម្ចាស់តែងតែបានដឹកស្ត្រីរងគ្រោះមកផ្ទះជួលរបស់នាង តែក្រោយមកប្រហែលជាស្នេហ៍បែកបាក់ នាងក៏មានស្នេហ៍ថ្មី ទើបជននេះគិតខ្លី ក៏តាមព្យាបាទដល់អាយុជីវិត ។
សូមរំលឹកថា ជនដៃដល់បានជិះរថយន្តម៉ាក RANGE ROVER ពណ៌.ស ពាក់ផ្លាកលេខភ្នំពេញ២R-៦៩៦៧មួយគ្រឿង ប្រដាប់ដោយអាវុធខ្លី បានធ្វើសកម្មភាពបាញ់ប្រហារចំនួន៥គ្រាប់ ដើម្បីប៉ងផ្តាច់ជីវិតគូស្មេហ៍នេះ ខណៈពេលដែលជនរងគ្រោះទាំង២នាក់ជិះរថយន្តម៉ាកតូយូតា តាកូម៉ា ពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ២Q-៥០៨១ធ្វើដំណើរមកពីដើរលេង ពេលមកដល់មុខផ្ទះត្រូវជនដៃដល់តាមបាញ់សម្លាប់តែម្តង បណ្តាលឱ្យរងរបួសទាំង២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ។
ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ កុម្ភៈ ត្រង់ចំណុចមុខផ្ទះជួលនៅតាមបណ្តោយផ្លូវ១៩៧៤ ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ជនរងគ្រោះដែល ឃាតករតាមបាញ់សម្លាប់នេះ ១-ឈ្មោះ គង់ រ៉ាវិន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៣៣កា ផ្លូវលំ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ បានរងរបួសចំនួន៣គ្រាប់,២-ឈ្មោះ សឺង វិន ហៅស្រីលក្ខណ៍ ភេទស្រី អាយុ២៥ឆ្នាំ មុខរបេរលក់ខោអាវ និងខ្លះអះអាងថា នាងបម្រើការនៅហាងខារ៉ាអូខេមួយ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុខាងលើបានរងរបួសចំនួន២គ្រាប់ ។
ពេលនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ក្រោយពីធ្វើការវះកាត់រួចហើយ និងបន្តព្យាបាលដោយការលាងមុខរបួសផងដែរ ។ រវាងបុរសនិងស្រីដែលរងរបួស ត្រូវបានគេដឹងថា បុរសជាគូស្នេហ៍ធ្ងន់ជាងខាងស្រី តែសំណាងការបាញ់នោះមិនបានឆក់យកជីវិតពួកគេទាំង២ ៕
ប្រភព៖angrut









Post a Comment