សង្ឃកំហូច ចាប់រំលោភដូនជីក្រមុំ ដែលមកបួសលាបំណន់ បានសម្រេច៣ដង នៅក្នុងអាស្រម
នៅអធិការដ្ឋាននគរបាលស្រុកសំរោង ខេត្តតាកែវ បានទទួលពាក្យបណ្តឹងមួយករណី ដែលដូនជីក្រមុំម្នាក់ប្តឹងចោទលោកសង្ឃមួយអង្គថា បានចាប់រំលោភសេពសន្ថវៈនាងរហូតបានសម្រេច៣ដង នៅក្នុងអាស្រមក្នុងវត្ត ប្រាង្គអណ្តែត ហៅវត្តរំលេច ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ។
ករណីលោកសង្ឃបួសមិនទាន់ដាច់ធម៌លោកីយ៍នេះ បើតាមពាក្យបណ្តឹង ដែលប្តឹងចោទពីដូនជីក្រមុំបានឲ្យដឹងថា មានលោកសង្ឃជាប់ធម៌លោកីយ៍ម្នាក់ ដែលទើបតែបួសបាន៥ខែ មានឈ្មោះ ខៀវ សុផល ហៅចំរើន អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅភូមិបឹងត្រាញ់ ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ។
សង្ឃកំហូចនេះ បានធ្វើសកម្មភាពល្បួងចាប់រំលោភសេពសន្ថវៈ លើដូនជី ដែលមកបួសលាបំណន់ទើប តែបាន៣ខែម្នាក់ មានឈ្មោះ នាង សោភា អាយុ២១ឆ្នាំ រស់នៅភូមិបឹងត្រាញ់ខាងជើង ស្រុកសំរោង បានសម្រេច៣ដង នៅអាស្រមក្នុងវត្តដែលជនសង្ស័យ និងជនរងគ្រោះមកបួសអាស្រ័យ គឺនៅវត្តប្រាង្គអណ្តែត ហៅវត្តរំលេច ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦។
ក្រោយពីអធិការដ្ឋាននគរបាលស្រុកសំរោងទទួកបានពាក្យបណ្តឹងពីជនរងគ្រោះ រួចមកក៏បានចុះទៅធ្វើការស្រាវជ្រាវ ដល់ក្នុងវត្តកន្លែងកើតហេតុ និងឈានដល់ការឃាត់ខ្លួន លោកសង្ឃ ដែលជាប់ចោទនោះមកសួរនាំ។
បើតាមចម្លើយសារភាពរបស់លោកសង្ឃអង្គនោះថា ខ្លួនពិតជាបានចាប់រំលោភសេពសន្ថវៈ លើដូនជីដូច ដែលការប្តឹងចោទនោះមែន។ បន្ទាប់ពីបានទទួលចម្លើយសារភាពហើយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបានប្រគល់លោកសង្ឃទ្រុស្តសីល នោះទៅឲ្យការិយាល័យធម្មការស្រុក និងអនុគណស្រុកធ្វើការផ្សឹកចេញមុននិងចាប់ខ្លួន។
បច្ចុប្បន្នជនសង្ស័យដែលជាប់ចោទពីបទរំលោភសេពសន្ថវៈខាងលើត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកសាងសំណុំរឿង បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តចាត់ការតាមនីតិវិធី។
ចំពោះករណីលោកសង្ឃរំលោភដូនជីនេះ បើតាមមតិប្រជាពលរដ្ឋទូទាំងស្រុកសំរោងភាគច្រើន បានលើកឡើងថា មិនមែនមានតែមួយករណីនេះទេ គឺលោកសង្ឃភាគច្រើន ដែលមានឋានៈឬលាភសក្ការៈភាគច្រើនសុទ្ធសិងតែមានជាប់ពាក់ព័ន្ធ និងស្រីញីដែលធ្វើឲ្យអាប់ឱន ដល់តម្លៃព្រះពុទ្ធសាសនាដែលពួកគាត់ខំគោរពបូជា៕





Post a Comment