Header Ads

ពេលនេះ ក្រសួង​ការ​បរទេស​រុស្ស៊ី លេងមែនទែនហើយ ! បណ្ដេញ​មន្ត្រី​ទូត​ចំនួន ២៣​ប្រទេស ក្នុង​ពេល​តែ​មួយ






កាល​ពី​ថ្ងៃ​សុក្រ ទី​៣០ ខែ​មីនា ឆ្នាំ​២០១៨ក្រសួង​ការ​បរទេស​រុស្ស៊ី  បាន​ប្រកាស​ជូនដំណឹង​ទៅ​កាន់​មន្ត្រី​ការ​ទូត​ចំនួន ២៣​ប្រទេស ឲ្យ​វេចបង្វេច​ចេញ​ពី​ប្រទេស​រុស្ស៊ី​ភ្លាមៗ ក្រោយ​រដ្ឋាភិបាល​ប្រទេស​ទាំង​នោះ បាន​បណ្ដេញ​មន្ត្រី​ទូត​រុស្ស៊ី ចេញ​មុន កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ។
ប្រទេស​ទាំង ២៣​រួមមាន៖ អូស្ត្រាលី អាល់បានី អាល្លឺម៉ង់ ដាណឺម៉ាក អៀរឡង់ អេស្ប៉ាញ អ៊ីតាលី កាណាដា ឡាតវី លីទុយអានី ម៉ាសេដូនី ម៉ុលដូវ៉ា ហុល្លង់ ន័រវែស ប៉ូឡូញ រ៉ូម៉ានី អ៊ុយក្រែន ហ្វាំងឡង់ បារាំង ក្រូអាត ឆេក ស៊ុយអែត និង អេស្តូនី។ មន្ត្រីទាំងអស់​ រួមទាំង​ឯក​អគ្គរដ្ឋទូតនិមួយៗ ដែលត្រូវ​បានបណ្ដេញ មាន​ចំនួនសរុប ៥៩រូប។
ក្រសួង​ការបរទេស​រុស្ស៊ី បាន​ព្រមាន​ថា ប្រសិនបើ​ប្រទេស​បែលហ្ស៊ិក ហុងគ្រី ហ្សកហ្ស៊ី និង ម៉ុងតេណេក្រូ ហ៊ាន​តែ​ចូលរួម​ជាមួយ​បណ្ដា​ប្រទេស​ខាងលើ ខ្លួន​នឹង​បណ្ដេញ​មន្ត្រី​ការ​ទូត​ទាំង​៤​ប្រទេស​នេះ​ ថែមទៀត។


ជា​មួយ​គ្នា​នេះ រុស្ស៊ី បាន​កោះហៅ​ឯក​អគ្គរាជ​ទូត​អង់គ្លេស ដើម្បី​ចរចា អំពី​ការ​បន្ធូរបន្ថយ​ភាព​តានតឹង​នៃ​ទំនាក់ទំនង​ការ​ទូត​រវាង​ប្រទេស​ទាំងពីរ ឲ្យ​បាន​ប្រសើរ​ក្នុង​រយៈ​ពេល​១ខែ។
សូម​បញ្ជាក់​ថា ថ្មីៗនេះ រដ្ឋាភិបាល​រុស្ស៊ី ក៏​បាន​សម្រេច​បណ្ដេញ​ទូត​អាមេរិក​ចំនួន ៦០​នាក់​ចេញ​ពី​ប្រទេស ហើយ​បាន​បិទ​ស្ថាន​កុងស៊ុល​នៅ​ក្រុង St Petersburg ​ផង​ដែរ។ ការ​បណ្ដេញ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​អាមេរិក រួម​គ្នា​នឹង​បណ្ដា​ប្រទេស​នានា ​បណ្ដេញ​មន្ត្រី​ការ​ទូត​រុស្ស៊ី ១៤០​នាក់ ជុំវិញ​រឿង​បំពុល​ភ្នាក់ងារ​ចារកម្ម​នៅ​អង់គ្លេស៕

No comments