ភ្ញៀវទេសចរជនជាតិឥណ្ឌា ថតរូបជាប់រូបអ្នកតាថែរក្សាអង្គរវត្ដ
សៀមរាប: គេគ្រប់គ្នាស្ទើរតែមិនជឿ បើសិនជាគេមិនបានឃើញរូបថតពិតប្រាកដមួយសន្លឹក ដែលភ្ញៀវទេសចរ ជនជាតិឥណ្ឌា មកទស្សនានៅប្រាសាទអង្គរវត្ដ ហើយភ្ញៀវទេសចររូបនោះបានថតរូបប្រពន្ធ បែរជាជាប់ជាមួយនឹងរូបអ្នកថែរក្សាប្រាសាទអង្គរវត្ដទៅវិញ។
រូបថតមួយសន្លឹក ដែលជនជាតិឥណ្ឌាថតរូបប្រពន្ធរបស់គាត់ ហើយជាប់រូបអ្នកថែរក្សាប្រាសាទអង្គរវត្ដខាងលើ គឺត្រូវបានគេថតនៅវេលាម៉ោង ៩ និង ៣០ នាទី ព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១២ កន្លងទៅ ស្ថិតនៅរោងទោងខាងត្បូង នៃប្រាសាទអង្គរវត្ដ។
រូបថតមួយសន្លឹក ត្រូវបានជនជាតិឥណ្ឌា ប្រគល់ជូនលោក សៅ សំរិទ្ធ អ្នកបើកបររថយន្ដភ្ញៀវទេសចរនៅខេត្ដសៀមរាប តាំងពីល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១២។
លោក សៅ សំរិទ្ធ បាននិយាយថា ជនជាតិឥណ្ឌា ជាអ្នកថតរូបនោះ មានឈ្មោះ RAYA ភេទប្រុស អាយុ៤៦ឆ្នាំ។
ជនជាតិឥណ្ឌារូបនោះ បានមកលេងប្រាសាទអង្គរវត្ត ជាមួយប្រពន្ធរបស់គាត់ ហើយស្នាក់នៅសណ្ឋាគារអង្គររីយ៉ាណា ក្រុងសៀមរាប កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១២ និងបានចាកចេញពីសៀមរាប នៅថ្ងៃទី១០ ខែមិថុនាកន្លងទៅ។
តាមការឱ្យដឹងពីលោក សៅ សំរិទ្ធ ដែលដកស្រង់សំដីជនជាតិឥណ្ឌាឈ្មោះ RAYA ជាអ្នកថតរូបខាងលើ បានឱ្យដឹងថា គាត់ឱ្យប្រពន្ធរបស់គាត់ឈរផ្អែកសសរ នៅរោងទោងខាងត្បូងនៃប្រាសាទអង្គរ ហើយរូបគាត់បានថតរូបក្នុងទិដ្ឋភាពទូលាយមួយ។
នៅពេលជនជាតិឥណ្ឌាឈ្មោះ RAYA នោះ ថតរូបប្រពន្ធ បែរជាជាប់រូបប្រពន្ធ ហើយនៅខាងក្រោយខ្នងរបស់ប្រពន្ធក្នុងរូបថត ជាប់រូបអ្នកថែរក្សាប្រាសាទអង្គរវត្ដ ដែលឈរនៅលើលំហ មិនជាប់នឹងដីទៅវិញ។
ជនជាតិឥណ្ឌារូបនោះ បានប្រាប់ទៅលោក សៅ សំរិទ្ធ អ្នកបើកបរដឹកជនជាតិឥណ្ឌានោះ ដោយផ្ទាល់ថា រូបភាពនោះ គឺជាអ្នកថែរក្សាអង្គរវត្ដយ៉ាងពិតប្រាកដ ព្រោះថា រូបគាត់ (ឥណ្ឌា) គឺជាអ្នកកាន់ព្រហ្មញ្ញសាសនា ហើយគាត់បានយល់ពីអព្ភូតហេតុនេះច្បាស់។
ភ្ញៀវទេសចរឥណ្ឌារូបនោះ បានប្រាប់លោក សៅ សំរិទ្ធ ទៀតថា គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលថតរូបហើយផ្ដិតចេញមកឃើញរូបអ្នកថែរក្សាអង្គរនៅផ្នែកខាងក្រោយខ្នងរបស់ប្រពន្ធរបស់គាត់។
រូបភាពអ្នកថែរក្សាអង្គរនោះ គឺមានរាងរៅ ដូចជាដើមឈើមួយដើម និងមានជើងរួមតែមួយ ឈរនៅលើលំហ មិនជាប់ដី និងមានដៃចំនួន២, ភ្នែកចំនួន២ និងក្បាលរាង ដូចជាមែកឈើច្រូងច្រាងអ៊ីចឹង។ អ្វីដែលគេកត់សម្គាល់ត្រង់កន្លែងដែលជាប់រូបអ្នកថែរក្សាអង្គរ ទីនោះមិនមានរូបភាពអ្វី ឬដើមឈើអ្វីនោះឡើយ គឺជាទីវាលមួយ ចុះហេតុអ្វីបានជាគេថតរូបទៅឃើញមានរូបចម្លែកបែបនេះទៅវិញ?
បើតាមប្រវត្ដិខ្លះៗ និងការនិយាយតៗគ្នា បានឱ្យដឹងថា នៅផ្នែកខាងក្រៅអង្គរវត្ដ គឺមានលោកតារាជ ជាអ្នកថែរក្សា និងនៅខាងក្នុងមានអ្នកថែរក្សាដោយឡែកផ្សេងទៀត។ មានន័យថា នៅប្រាសាទអង្គរវត្ដមួយមានអ្នកថែរក្សាជាច្រើន ដែលគេមិនអាចរៀបរាប់អស់បាន។
ប៉ុន្ដែតាមរយៈ លោក សៅ សំរិទ្ធ បានទាក់ទងទៅនឹងមគ្គុទ្ទេសក៍ទេសចរមួយរូប ប្រចាំសៀមរាបតំបន់អង្គរ ឈ្មោះ យូ ខេមរៈ ដោយមគ្គុទ្ទេសក៍រូបនោះបានបំភ្លឺថា រូបភាពដែលថតបាននោះ គឺជាអ្នកថែរក្សាអង្គរនៅផ្នែកខាងក្នុង មាននាម ជាបារម្យវិស្ណុកលោក។
លោក យូ ខេមរៈ បានប្រាប់ទៅលោក សៅ សំរិទ្ធ ទៀតថា បារម្យវិស្ណុកលោក ពិតជាអ្នកថែរក្សាប្រាសាទអង្គរវត្ដ នៅផ្នែកខាងក្នុងយ៉ាងជាក់លាក់។
ទោះបីយ៉ាងណាក៏ដោយ យើងមិនអាចជួបបំភ្លឺ និងមានការពន្យល់ជាក់លាក់ឱ្យលើសពីនោះពីជំនាញពាក់ព័ន្ធ ឬ ចាស់ៗបន្ថែមទៀតនោះឡើយ។ ប៉ុន្ដែរូបភាពមួយសន្លឹកនោះ បានបែកធ្លាយសាយភាយពេញទីក្រុងសៀមរាប និងភ្ញៀវទេសចរជាច្រើន។ ក្រោយពេលដែលគេបានឃើញរូបភាពនេះ ពួកគេមានការភ្ញាក់ផ្អើល និងធ្វើឱ្យគេម្នាក់ៗមានការព្រឺក្បាលនឹកស្មានមិនដល់ថា មានរូបដ៏ចម្លែកបែបនេះកើតឡើងឡើយ។
កាលពីប៉ុន្មានឆ្នាំកន្លងទៅ នៅប្រាសាទអង្គរវត្ដ ក៏មានការភ្ញាក់ផ្អើលមួយកើតឡើងផងដែរ។ ការភ្ញាក់ផ្អើលនោះ គឺថានៅប្រាសាទអង្គរវត្ដនឹងមានថាសហោះនៅភពផ្សេងចុះចតនៅតំបន់ប្រាសាទអង្គរវត្ដ។ ភាពល្បីរន្ទឺថាមានថាសហោះចុះនៅប្រាសាទអង្គរវត្ដ ធ្វើឱ្យអ្នកសៀមរាប ក៏ដូចជាភ្ញៀវទេសចរ ដែលបានឮនាំគ្នាពពាក់ពពូន ទៅអង្គុយចាំនៅប្រាសាទអង្គរ ដើម្បីរង់ចាំមើលថាសហោះចុះចត។ ប៉ុន្ដែយប់នោះ មិនមានថាសហោះដូចការនិយាយតគ្នានោះឡើយ។
តែសម្រាប់រឿងថ្មីពេលនេះ ទោះបីជាមិនពិតយ៉ាងណាក៏ដោយ ប៉ុន្ដែរូបភាពមួយសន្លឹកខាងលើ បានបញ្ជាក់យ៉ាងច្បាស់ថា ពិតជាថតបានអ្នកថែរក្សាប្រាសាទអង្គរដោយជនជាតិឥណ្ឌា ខណៈពេលដែលគាត់ថតរូបប្រពន្ធឈរនៅរោងទោងខាងត្បូង នៃប្រាសាទអង្គរវត្ដ៕
Post a Comment