បើមិនជឿសូមកុំប្រមាថ! ផ្ទះសសរកណ្ដាល ជណ្ដើរមុខផ្ទះ សុទ្ធតែអាចនាំហេតុដល់គ្រួសារ
តាំងពីបរមបុរាណមក ការសង់ផ្ទះសម្បែងដូនតាខ្មែរ តែងប្រុងប្រយ័ត្នណាស់ ពាក់ព័ន្ធជាមួយជំនឿខ្មោចព្រាយបិសាច រឿងគ្រោះរឿងស៊យជាដើម។ ដូនតាខ្មែរតែងជឿថា កាលណាបើសង់ផ្ទះ មិនត្រូវទៅតាមក្បួនតម្រាទំនៀមទម្លាប់ នោះក្នុងគ្រួសាររស់នៅមិនសូវបានសុខនោះឡើយ អាចមានគ្រោះអាសន្នអន់ក្រ។ ប៉ុន្តែបើសង់ផ្ទះត្រូវទៅតាមក្បួនតម្រា នោះក្នុងគ្រួសាររស់នៅមានតែសេចក្ដីសុខ រកស៊ីទទួលទានមានបាន កើនមាស កើនប្រាក់។ ជំនឿតាំងពីបុរាណមក ដូនតាខ្មែរ ហាមដាច់ខាត មិនឱ្យសង់ផ្ទះសសរកណ្ដាល និងជណ្ដើរមុខទ្វារផ្ទះឡើយ ព្រោះអាចនាំហេតុមិនល្អដល់គ្រួសារ។
បើតាមការរៀបរាប់របស់លោកយាយ វ៉ែន ឡៃ ជាគ្រូគន់គូរខែថ្ងៃ រស់នៅភូមិក្រាំងម្កាក់ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ផ្ទះសសរកណ្ដាលគឺអត់ល្អនោះទេ ដូនតាខ្មែរ ហាមមិនឱ្យសង់បែបនេះដាច់ខាត។ លោកយាយប្រាប់ថា គ្រួសារណាដែលរស់នៅក្នុងផ្ទះនោះ ចាប់ពី៦ខែដល់៣ឆ្នាំ អាចនឹងមានជំងឺឈឺថ្កាត់ គ្រួសាររស់នៅមិនសូវបានសុខឡើយ។ លោកយាយបន្តទៀតថា កាលណាបើសង់ផ្ទះសសរកណ្ដាល នោះខ្មោចព្រាយបិសាច នឹងចូលលុកលុយ ដាក់គ្រួសារនោះមិនឱ្យរស់នៅបានសុខតែម្ដង។
ចំណែកផ្ទះ ដែលមានជណ្ដើរចំពីមុខផ្ទះ នៅនឹងមុខមាត់ទ្វារតែម្ដង ក៏មិនល្អដែរ។ គ្រូខ្មែរ ពូកែផ្លុំស្ដោះ រូបនេះ លើកឡើងទៀតថា ជណ្ដើរធ្វើចំពីមុខមាត់ទ្វារ មានន័យថា រកលុយមិនសូវសល់ រកប៉ុន្មានក៏មិនមាននឹងគេ ព្រោះជណ្ដើរនោះ ប្រៀបដូចដូចនាំលុយចេញពីផ្ទះដូច្នោះដែរ។ ដូច្នេះហើយ ទើបពីបុរាណមកដូនតាខ្មែរ តែងឱ្យធ្វើជណ្ដើរពីចំហៀងផ្ទះ ទើបមិនមានបញ្ហាអ្វី។ បន្ថែមលើពីនេះទៀត ជណ្ដើរនៅខាងក្នុងផ្ទះក៏មិនល្អដូចគ្នា បើក្នុងគ្រួសាររាសីដាក់ នោះខំរកស៊ីយ៉ាងណាក៏មិនមានបាននឹងគេ៕





Post a Comment