Header Ads

អូរសោម ជង្រុកសម្បត្តិធម្មជាតិមហាសាល ល្អបំផុតសម្រាប់អ្នកចូលចិត្ត Adventure



សហគមន៍​ទេសចរណ៍​អូរសោម នៅ​តំបន់​ជួរ​ភ្នំ​ក្រវាញ ​ខេត្ត​ពោធិ៍សាត់ ជា​ទី​​ប្រជុំ​ដោយ​សម្បត្តិ​ធម្មជាតិ​ដ៏​មហាសាល កម្រ​មាន​អ្នក​ទៅ​ដល់​បំផុត។ លោក គាំ វិទូ ជា​អ្នក​ខេត្ត​សៀមរាប ចូលចិត្ត​ធ្វើ​ការ​ផ្សងព្រេង​ទៅ​តំបន់​ធម្មជាតិ​នានា ក្នុង​ប្រទេស​កម្ពុជា បាន​ទៅ​ដល់​សហគមន៍​ទេសចរណ៍​អូរ​សោម និង​បាន​ប្រទះ​ឃើញ​ទស្សនីយភាព​​ដ៏​អស្ចារ្យ​ជា​ច្រើន​មិន​នឹក​ស្មាន​ដល់​នៅ​ទីនោះ។



អ្នក​ខេត្ត​សៀមរាប ចូលចិត្ត​ផ្ដិត​ការ​ថត​រូប​នេះ ប្រាប់​ថា ក្នុង​សហគមន៍​ទេសចរណ៍​អូរ​សោម ភ្ញៀវ​ទេសចរ អាច​សម្រាក​ផ្ទះ​ស្នាក់​របស់​អ្នក​ស្រុក មាន​អាហារ​ប្រចាំ​តំបន់​​ប្លែកៗ និង​មាន​មគ្គុទ្ទេសក៍ នាំ​ដើរ​កម្សាន្ត​ក្នុង​សហគមន៍​ទៅ​កាន់​តំបន់​ប្លែក​ៗ​ជា​ច្រើន។ ក្នុង​មាន​ដូចជា​ទឹក​ធ្លាក់​រហូត​ទៅ​ដល់​៧​កន្លែង​ផ្សេងគ្នា មាន​បឹង​ដ៏​ធំ ទស្សនា​ក្រពើ​ព្រៃ និង​តំបន់​វាលវែង​គ្រប​ដណ្ដប់​ដោយ​ធម្មជាតិ​ដ៏​ស្រស់​បំព្រង។




រយៈ​ពេល​២​ថ្ងៃ​ដែល វិទូ បាន​ទៅ​ដល់​សហគមន៍​ទេសចរណ៍​អូរសោម កាល​ពី​ដើម​ខែ​មេសា បាន​រៀប​រាប់​ប្រាប់ Sabay ថា លោក​បាន​ទៅ​ដល់​ទឹក​ធ្លាក់ ឆាយរការ មាន​ទេសភាព​ស្អាត​ខ្លាំង ហើយ​អ្នក​ស្រុក​ប្រាប់​ថា​កម្រ​មាន​អ្នក​ទៅ​ដល់​ណាស់។ លោក និង​មិត្ត​ភក្ដិ បាន​ជួល​ម៉ូតូ​ជិះ​កាត់​ផ្លូវ​លំ​តូចៗ មាន​ចម្ការ​ចេក​របស់​អ្នក​ស្រុក ត្រូវ​ឆ្លង​កាត់​ផ្លូវ​ឡើង​ចំណោត ចុះ​ចំណោត និង​ឧបសគ្គ​ជា​ច្រើន រហូត​ទៅ​ដល់​ទឹក​ធ្លាក់​ឆាយ​រការ។ ប៉ុន្តែ​មិន​ធ្វើ​ឲ្យ​ការ​ផ្សងព្រេង​នោះ​ឥត​ប្រយោជន៍​ឡើយ ព្រោះ​ភាព​អស្ចារ្យ​នៃ​ធម្មជាតិ​នៅ​ទី​នោះ បាន​ធ្វើ​ឲ្យ​មាន​ភាព​ហត់​នឿយ​ធូរ​ស្បើយ​មួយ​រំពេច។




ក្រៅ​ពី​ទៅ​ដល់​ទឹក​ធ្លាក់​ឆាយ​រការ វិទូ ក៏​បាន​ទៅ​ដល់​ទឹក​ធ្លាក់​មួយ​កន្លែង​ទៀត​មាន​ឈ្មោះ​ថា ​ឆាយ​ប្រុយ មាន​ចម្ងាយ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទី​ប្រជុំ​ជន​អូរសោម​ឡើយ។ វិទូ ប្រាប់​ថា បើ​ធ្វើ​ដំណើរ​ពី​កោះកុង​មក​ខេត្ត​ពោធិ៍សាត់ តាម​ជួរ​ភ្នំ​ក្រវាញ​ អាច​ឆៀង​ចូល​តំបន់​ទឹកធ្លាក់​នេះ​យ៉ាង​ងាយស្រួល តែ​បើ​យើង​មក​ពី​ខេត្ត​ពោធិ៍សាត់​វិញ ត្រូវ​ធ្វើ​ដំណើរ​ហួស​ទី​ប្រជុំជន​អូរសោម ប្រមាណ​ជិត​៣០​គីឡូម៉ែត្រ​ទៀត​ទើប​ដល់។


សហគមន៍​ទេសចរណ៍​អូរសោម ស្ថិត​នៅ​ឃុំ​អូរសោម ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ មាន​ចម្ងាយ​ប្រមាណ ១៥៣​គីឡូម៉ែត្រ​ ពី​ទី​រួម​ខេត្ត៕

No comments