ពេលនេះ ! ស្នងការ ជួន ណារិន្ទ បញ្ជាឲ្យសមត្ថកិច្ចតាមរកម្ចាស់រថយន្តបើកកាត់បារ៉ាស់ឆ្លងមុខរថភ្លើង
ព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ទោ ជួនណា រិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាអោយសមត្ថកិច្ចតាមរករថយន្តកាមរីឆ្លាម ពណ៌សំបកឪឡឹក ដែលបើកបរបំពានកាត់បារ៉ាស់ផ្លូវរថភ្លើង នៅក្នុងភូមិសាស្ត្រវាលរិញ ខេត្តព្រះសីហនុ ដើម្បីយកមកចាត់វិធានការណ៍តាមច្បាប់ ។នេះតាមគណនីហ្វេសប៊ុកលោក ផែង វណ្ណៈ ។
នៅម៉ោងជាង១រសៀលថ្ងៃទី១ ឧសភា ២០១៨ ម្សិលមិញនេះ វីដេអូឃ្លីបដ៏ហួសចិត្តមួយ ត្រូវបានថតដោយជនជាតិអាល្លឺម៉ង់ម្នាក់ ដែលបានបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុក ខណៈអំឡុងពេលដែលរថភ្លើងកំពុងបើកបរលើផ្លូវដែក មានទាំងការដាក់របាំងបិទផ្លូវ ដើម្បីកុំឲ្យរថយន្ត ឬអ្នកធ្វើដំណើរឆ្លងកាត់នេះ បែរជាមានរថយន្តម៉ាកកាម៉ារីឆ្លាម ពណ៌សំបកឪឡឹកមួយគ្រឿង បើកកាត់រថភ្លើងមិនខ្លាចស្លាប់ វិះតែនឹងបង្កអោយមានគ្រោះថ្នាក់ទៅហើយ តែសំណាងល្អដែលអ្នកបើកបររថយន្តនោះ ជិះគេចផុតបន្តិច កុំអីត្រូវខ្ទេចក្រោមរថភ្លើង ។
នៅក្នុងគណនីហ្វេសប៊ុករបស់ជនជាតិអាល្លឺម៉ង់ដដែល បានសរសេរជាភាសាអង់ភ្លេសថា «Cambodia…sometimes very crazy driver…I know, not all are crazy…you can find this in different country’s too» ។
វីដេអូដែលមានរយៈពេល៣០វិនាទីនេះ ធ្វើអោយមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានសម្តែងការរិះគន់យ៉ាងខ្លាំង ជុំវិញករណីបើករថយន្តប្រហើន បើកបំពាន បើទោះបីជាសន្តិសុខបានដាក់ប៉ារ៉ាស់អោយឈប់ ដើម្បីឲ្យរថយន្តភ្លើងឆ្លងកាត់ក្តី ។ គេមិនដឹងថា អ្នកបើករថយន្តប្រញាប់ទៅណាទេ បានជាហ៊ានប្រថុយបែបនេះ ?
មានអ្នកនិយមលេងហ្វេសប៊ុកមួយចំនួន បានសម្តែងនូវការហួសចិត្តយ៉ាងខ្លាំង ចំពោះសកម្មភាពគគ្លើនរបស់អ្នកបើករថយន្តទាំងបំពានបំរាម មានអ្នកខ្លះលើកឡើងថា «បើកបររំលោភផ្លូវធម្មតាមិនអស់ចិត្ត ឈ្លៀតទៅរំលោភដល់ផ្លូវរថភ្លើងទៅទៀត…! គេដាក់ប៉ារ៉ាស់អោយឈប់មិនព្រមឈប់ នៅប្រកាច់ស្លន់ចង់តែទៅមុខ ។ ដល់ពេលស្លាប់តាំងបន្ទោសគេ រករឿងអោយគេសង ។ ដែលអ្នកបើកបរយើងមួយចំនួនឆ្កូតកែលែងឡើងបែបនេះ ។ ខ្មាស់ជនបរទេសណាស់ » ៕
ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម ៖
Post a Comment