Header Ads

ម៉ៅ ស៊ីណាត៖ «លែង​ប្ដី​ដាច់ ដូច​ដក​បន្លា​ចេញ​ពី​ទ្រូង!»


(ភ្នំពេញ)៖ ជាការពិតណាស់ជាតាមធម្មតា គេសម្គាល់ឃើញថា សិល្បករ-សិល្បការិនី នៅក្នុងរង្វង់សិល្បៈ ក្រោយពេលរៀបការ មានគ្រួសារ កសាងជីវិតថ្មីរួចមក តែងតែរស់នៅប្រកបដោយសុភមង្គល បង្ហោះរូបភាពផ្អែមល្ហែម បង្អួតភ្នែកអ្នកគាំទ្រជាហូរហែ។ ដោយឡែក សម្រាប់តារាចម្រៀង អ្នកនាង ម៉ៅ ស៊ីណាត វិញ ហាក់បីដូចជាមានគូជីវិត ខុសពីស្រ្ដីដទៃទៀត ខណៈដែលអ្នកនាង ឆ្លងកាត់ជីវិតអាពាហ៍ពិពាហ៍ចំនួន ២ដងទៅហើយនោះ ប៉ុន្តែនៅតែមិនជួបបុរសល្អ ហើយត្រូវរងទុក្ខ ជួបស្វាមី មានគំនិតមិនកើត មិនប្រឹងប្រែង ជួយជ្រោមជ្រែងគ្រួសារ រហូតធ្វើឲ្យតារាសម្ដែងរូបនេះ ដាច់ចិត្តប្រកាសជាសាធារណៈថា លែងលះជាមួយស្វាមី ដោយគ្មានក្ដីអាឡោះអាល័យ អ្វី នោះឡើយ។
មុននឹងសម្រេចចិត្តលែងលះស្វាមី ឈានដល់ជាប់ឈ្មោះជាស្រី្ដមេម៉ាយ អ្នកនាង ម៉ៅ ស៊ីណាត បានទទួលរងនូវទុក្ខលំបាក ជួបរឿងឆ្អែតចិត្តជាច្រើន ដោយក្នុងនាមជាស្ដ្រីមានគ្រួសារ មានស្វាមី ភរិយាគ្រប់រូប គួរតែរស់នៅលើគំនរសុខ សុភមង្គល ក្រោមការស្រឡាញ់ថ្នាក់ថ្នម ពីឧត្ដមស្វាមី។ ដោយឡែក អ្នកនាង ម៉ៅ ស៊ីណាត បានអះអាងថា តាំងពីចាប់ដៃជាមួយស្វាមី ដែលមានឈ្មោះថា លោក វិសាល រួចមក អ្នកនាង មិនដែលស្គាល់ជីវិតសុខសាន្ត មានក្ដីរីករាយ និងស្នាមញញឹមម្ដងណា ខណៈអំរែកការងារ ធ្លាក់ទាំងស្រុងទៅលើអ្នកនាង ដែលហាក់ខុសស្រឡះពីនារីផ្សេងទៀត ក្រោយពេលរៀបការ បញ្ចប់ភាពនៅលីវហើយនោះ តែងមានស្វាមីចិញ្ចឹមបីបាច់ថែរក្សា មើលការខុសត្រូវ ស្រឡាញ់ ថ្នាក់ថ្នមមើលថែភរិយា។
ផ្ទុយទៅវិញ អ្នកនាង ម៉ៅ ស៊ីណាត បែរជាមានវាសនាខុសពីភរិយាផ្សេងទៀត ដែលអាចនិយាយបានថា ជានារីអភ័ព្វស្នេហ៍ និងអភ័ព្វនូវខ្សែជិវិតគូ ដោយត្រូវជួបទុក្ខ ជួបបុរស ដែលមិនស័ក្តិសមមកជាគូអនាគត រងនូវការឈឺចាប់ជាច្រើន ដើរចេញរកស៊ី រ៉ាប់រងទាំងស្រុងលើបន្ទុកគ្រួសារ។
គួរបញ្ជាក់ថា កាលពីកន្លងទៅអ្នកនាង ម៉ៅ ស៊ីណាត ក៏ធ្លាប់ផ្ទុះរឿងរ៉ាវចម្រូងចម្រាស់ជាច្រើន ដោយមានគំនិតចង់លែងលះម្ដងរួចមកហើយ ប៉ុន្តែដោយសារ មានចិត្តអាណិតកូនស្រី ទើបប្ដូរចិត្តទៅវិញ ដោយងាកមកខិតខំតស៊ូ ដើរច្រៀង នៅតាមកម្មវិធីផ្សេង ដើម្បីរកថវិកា ចិញ្ចឹមគ្រួសារ។ យ៉ាងណាមិញ ការខិតខំទាំងនេះ ហាក់បីដូចជាធ្វើអ្នកនាង មានចិត្តហត់នឿយ ដោយជម្រើសចុងក្រោយ មានតែវិធីតែម្យ៉ាងគត់ គឺសម្រេចចិត្តចែកចាន ចែកឆ្នាំងគ្នាដើររៀងៗខ្លួនតែម្ដង៕











No comments