តិចអត់ដឹងចុះថា កម្ពុជាគ្រោងធ្វើពិធីអបអរសាទរដ៏ធំមួយនៅចុងឆ្នាំនេះ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ២១ ឧសភានេះ បានបន្តស្តីបន្ទោសដល់អាជ្ញាធរអ៊ុនតាក់ថា មិនបានដោះស្រាយបញ្ចប់ភ្លើងសង្គ្រាម ពីប្រទេសកម្ពុជាទាំងស្រុងនោះទេ។ ប៉ុន្តែតាមរយៈគោលនយោបាយ ឈ្នះ-ឈ្នះ របស់លោកទៅវិញទេ ដែលបានបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជាទាំងស្រុង នាឆ្នាំ១៩៩៨ ។ តាមរយៈនេះ កម្ពុជាគ្រោងនឹងរៀបចំពិធីអបអរសាទរដ៏ធំមួយនៅចុងឆ្នាំនេះ ដើម្បីជាការរំលឹកឡើងវិញ នូវការដាក់ចេញគោលនយោបាយ ឈ្នះ-ឈ្នះ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ពិធីអបអរសាទរដ៏ធំនេះ គ្រោងនឹងរៀបចំធ្វើឡើងនៅមុខវិមានឈ្នះឈ្នះ ដែលកំពុងសាងសង់ឡើង នៅលើផ្ទៃដីជាង១៥ហិចតា ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍របស់លោកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា ស្ថិតក្នុងខណ្ឌព្រែកព្នៅ ជាយទីក្រុងភ្នំពេញ។ ពិធីនេះ អាចនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ២៩ ខែធ្នូ ចុងឆ្នាំ ២០១៨នេះ ជាថ្ងៃដែលអតីតមេដឹកនាំខ្មែរក្រហម រួមមាន លោក នួន ជា និងលោក ខៀវ សំផន បានចូលតុចរចារ ដើម្បីឈានទៅបញ្ចប់ភ្លើងសង្គ្រាមដ៏រ៉ៃរ៉ាំនៅកម្ពុជា តាមរយៈការធ្វើសមាហរណកម្មនៃកងទ័ពខ្មែរក្រហមនៅឆ្នាំ១៩៩៨ ។
គួររំលឹកជូនថា កាលពី២០ឆ្នាំមុន ដែលជាការបញ្ចប់នូវការវាយប្រយុទ្ធគ្នារវាងកងទ័ពរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា និងកងទ័ពខ្មែរក្រហម ទៅតាមអ្វីដែលគេដឹងថា ជាជោគជ័យរបស់គោលនយោបាយ ឈ្នះ-ឈ្នះ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលជប៉ុន នៅថ្ងៃទី ២១ ឧសភា នេះ លោកនាយករដ្ឋមន្ត្រីបានអះអាងថា តាមរយៈគោលនយោបាយ ឈ្នះ-ឈ្នះ នេះហើយ ដែលបានបិទបញ្ចប់ប្រទេសកម្ពុជាមួយមានតំបន់ត្រួតត្រាពីរ នោះគឺរបបរបស់រដ្ឋាភិបាលក្រុងភ្នំពេញ និងកងកម្លាំងចលនាតស៊ូរបស់ពួកខ្មែរក្រហម ហើយជាអ្វីដែល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា «សាមកុក» មិនមែនមានតែនៅស្រុកចិននោះទេ «សាមកុក» ក៏មានដែរនៅក្នុងប្រទេសកម្ពុជា។
គួរជំរាបជូនថា ដើម្បីរំលឹកទៅដល់ជ័យជំនះនេះ រដ្ឋាភិបាលក្រុងភ្នំពេញ តាមរយៈក្រសួងការពារជាតិ បាននិងកំពុងសាងសង់វិមានអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ ដែលស្ថិតនៅលើផ្ទៃដីជាង១៥ហិកតា ស្ថិតក្នុងតំបន់អភិវឌ្ឍន៍របស់លោកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា ក្នុងខណ្ឌព្រែកព្នៅ ជាយទីក្រុងភ្នំពេញ។ ការសាងសង់វិមាននេះ គឺដើម្បីរម្លឹកដល់គុណូបការៈរបស់បុព្វបុរសខ្មែរគ្រប់សម័យកាល ដែលបានលះបង់ជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ។ ម្យ៉ាងទៀត វិមាននេះ ក៏ជានិមិត្តរូបនៃសុខសន្តិភាព ដែលកម្ពុជាទទួលបាន ក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃជាច្រើនទសវត្សរ៍កន្លងមក។ បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ លោកនាយឧត្តមសេនីយ៍ ឈុំ សុជាតិ វិមានជ័យជំនះនេះ សម្រេចបានការសាងសង់ជាង៧៥ភាគរយហើយ ហើយគ្រោងនឹងបញ្ចប់ឲ្យបានមុនទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី ៩ វិច្ឆិកា ខាងមុខនេះ៕
ប្រភព៖ rfi
Post a Comment