ពិតជាសោកស្តាយណាស់ ពលរដ្ឋចង់រំលាយវត្ថុបូរាណធ្វើពីស្ពាន់
រូបភាពមួយសន្លឹកបានបង្ហាញពីគំនរក្អម ឆ្នាំង ផ្តិល និងរបស់របស់ប្រើប្រាស់ចង្រ្កានបាយសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋពីសម័យបូរាណធ្វើពីស្ពាន់ ហាក់កំពុងប្រឈមនឹងការរំលាយពីសំណាក់ពលរដ្ឋដែលរស់នៅតំបន់មួយនៅខេត្តកណ្តាល ដើម្បីយកទៅធ្វើពុទ្ធបដិមា។
តាមប្រភពខ្លះៗបានបញ្ចេញយោបល់មិនផ្លូវការថា អ្នកស្រុកខាងលើច្រើនតែយករបស់របរធ្វើពីស្ពាន់សម័យមុនៗមករំលាយ ដើម្បីមកកសាងបដិមាផ្សេងៗក្នុងព្រះពុទ្ធសាសនា ព្រោះដើម្បីភ្ជាប់និស្ស័យបុណ្យ។
ប្រភពមួយសុំមិនបញ្ចេញឈ្មោះ និយាយថា ពាក់ព័ន្ធនឹងរឿងរ៉ាវដែលប្រជាជនខ្មែរមិនស្គាល់ពីតម្លៃវត្ថុសល់ពីសម័យមុននេះ កាលពីប៉ុន្មានឆ្នាំមុន មានជនជាតិចិនម្នាក់បានមកទិញកំណាត់ធ្វើពីសូត្រសម័យបូរាណពីប្រជាជនខ្មែរតាមជនបទក្នុងតម្លៃធូរថ្លៃ។ លោកថាក្រោយមកជនជាតិចិននោះបានយកកំណាត់បូរាណដែលទិញបាន មកលក់ក្នុងប្រទេសថៃដោយបានតម្លៃមួយគុណនឹង ១០ ព្រោះតែវាជារបស់បូរាណនិងមានតម្លៃខ្ពស់។

Post a Comment