ពេលនេះដឹងវេលាច្បាស់ការសង់រថភ្លើងអាកាសនៅភ្នំពេញ មិនមែនក្នុងឆ្នាំនេះដូចកំពុងល្បីទេ
ដំណឹងសង់រថភ្លើងអាកាស (AGT) ចំនួន៤ខ្សែនៅរាជធានីភ្នំពេញ ក្នុងខែសីហា ឆ្នាំ ២០១៨នេះ កំពុងតែធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ជាពិសេសនៅលើបណ្ដាញសង្គម បន្ទាប់ពីមានការបង្ហោះចែកចាយជាបន្តបន្ទាប់។
យ៉ាងណាក្ដីទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ ធ្លាប់បានបញ្ជាក់ថា កម្ពុជាពិតជាមានគម្រោងសង់រថភ្លើងអាកាស (AGT) ពិតមែន ក្រោមជំនួយពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ(JICA) តែមិនទាន់អាចចាប់ផ្ដើមក្នុងខែសីហា ឆ្នាំ២០១៨ ដូចដែលកំពុងល្បីនោះទេ។ បច្ចុប្បន្នក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងធ្វើការសិក្សាបឋម ជាមួយដៃគូអភិវឌ្ឍ (JICA) និងចាប់ផ្ដើមសាងសង់ជាផ្លូវការនៅក្នុងឆ្នាំ២០១៩ ហើយបញ្ចប់ជាស្ថាពរនៅមុនឆ្នាំ២០២៣ ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។
តាមគម្រោងធ្លាប់បានបញ្ជាក់កន្លងមក ការសាងសង់រថភ្លើងអាកាស (AGT) នេះនឹងត្រូវចំណាយថវិកាប្រមាណ៨០០លានដុល្លារសហរដ្ឋអាមេរិក។ ផ្លូវរថភ្លើងអាកាសនេះ មានប្រវែងសរុប ១៨គីឡូម៉ែត្រ ឆ្លងកាត់ផ្លូវសំខាន់ៗមួយចំនួនដូចជា៖ ផ្លូវព្រះមុនីវង្ស ផ្លូវកម្ពុជាក្រោម ផ្លូវហ្សាលឌឺហ្គោល ផ្លូវមុនីរេត ផ្លូវវេងស្រេង ផ្លូវសហព័ន្ធរុស្ស៊ី ឆ្ពោះទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ៕
Post a Comment