Header Ads

ខ្លំាងបាត់ ! ជនជាតិចិនពីរ ផឹកស្រាស្រវឹងជោកជាំខឹងគេសម្លឹងមុខ បើករថយន្តបំបុករបួសធ្ងន់






ភ្នំពេញ ៖ បុរសជនជាតិចិនចំនួន២នាក់ ក្រោយពីផឹកស្រាស្រវឹងជោកជាំ បើករថយន្តជ្រុលទៅបុករ៉ឺម៉កម៉ូតូកង់បីពីក្រោយ បណ្តាលឱ្យ ខូចខាតបន្តិចបន្តួច លុះខឹងនឹងម្ចាស់រ៉ឺម៉កម៉ូតូកង់បីសម្លឹងមុខ ក៏ថយរថយន្តទៅក្រោយ រួចបើកបំបុក បណ្តាលឱ្យរ៉ឺម៉កម៉ូតូកង់៣ក្រឡាប់ផ្ងារជើង រីឯម្ចាស់ទទួលរងរបួសធ្ងន់។











ហេតុការណ៍ដ៏ភ្ញាក់ផ្អើលខោងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចមុខផ្សារទឹកថ្លា តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។


តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បានបើករ៉ឺម៉កម៉ូតូកង់បី១គ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខកណ្តាល ១ឡ-០៧៣៣ ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហតុខាងលើ ក៏មានរថយន្ត១គ្រឿងម៉ាកឡិចស៊ីស RX-300








ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2N-0345 បើកបរដោយបុរសជនជាតិចិន២នាក់ ស្ថិតក្នុងសភាពស្រវឹងស្រាជោកជាំ ធ្វើដំណើរមកពីក្រោយក្នុងទិសដៅស្របគ្នា បានជ្រុលចង្កូតមកបុករ៉ឺម៉កម៉ូតូកង់បីពីក្រោយ ធ្វើឱ្យរងការខូចខាត បន្តិចបន្តួច។


ប្រភពដដែលបន្តថា នៅពេលត្រូវរថយន្តបើកមកបុកពីក្រោយបែបនេះ គេឃើញម្ចាស់រ៉ឺម៉កម៉ូតូកង់បី បានក្រឡេកមើលមុខ ស្រាប់តែ ភ្លាមនោះ ជនជាតិចិនដែលកំពុងស្រវឹងធ្លាក់ភ្នែក ស្រាប់តែច្រឡោតខឹង ក៏ថយរថយន្តទៅក្រោយ ប្រមាណជាង៣ម៉ែត្រ រួចបើកមកបំបុករ៉ឺម៉ក ម៉ូតូកង់៣ពីក្រោយទាំងកំរោល បណ្តាលឱ្យក្រឡាប់ផ្ងារជើង ចំណែកម្ចាស់រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ។





ក្រោយបង្កហេតុរួច ជនបង្កជាជនជាតិចិន មិនព្រមឈប់ទទួលខុសត្រូវនោះទេ តែបែរជាព្យាយាមបើករត់គេចចេញពីកន្លែងកើតហេតុ បានប្រមាណ១០០ម៉ែត្រ ក៏រេចង្កូតទៅបុកក្បាលនាគចែកទ្រូងផ្លូវវៀចអស់១កង់ ហើយរថយន្តបង្កមិនទាន់អស់ល្បឿន បានជ្រុលទៅមុខប្រមាណ ជាង៣០ម៉ែត្រ បែកកង់ខាងមុខខាងឆ្វេង ទើបទៅលែងរួច។ ភ្លាមនោះប្រជាពលរដ្ឋឃើញហេតុការណ៍ បានចាប់ឃាត់ខ្លួនម្ចាស់រថយន្តបង្ក និង រថយន្តនៅនឹងកន្លែងហេតុផងដែរ តែសំណាងល្អកុំតែមានសមត្ថកិច្ចចុះមកអន្តរាគមន៍ទាន់ពេល កុំអីជនបង្កច្បាស់ជាទ្រមខ្លួនជាមិនខាន។ ចំណែក រ៉ឺម៉កម៉ូតូកង់បីនិងរថយន្តខូចខាតយ៉ាងដំណំដូចគ្នា។


ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ទីតាំងកើតហេតុ រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តនិង រ៉ឺម៉កម៉ូតូកង់បីទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមច្បាប់៕






No comments