លោក ហេង ឡុង បង្ហោះសារសុំរឿងមួយពីសម្តេចទាំងពីរ ទាក់ទងមន្ត្រីនគរបាលចរាចរណ៍២រូប ដែលបានទារលុយជនបរទេស២០ដុល្លារ
បន្ទាប់ពីផ្ទុះរឿងមន្ត្រីនគរបាលចរាចរណ៍ ២រូប បានទារផាកពិន័យ ២០ដុល្លារដោយមិនបានចេញវិក័យបត្រ ពីជនជាតិវៀតណាមម្នាក់ជិះម៉ូតូមិនគោរពភ្លើងសញ្ញារួចមក មន្ត្រីទាំង ២នាក់នោះត្រូវបានថ្នាក់លើសម្រេចបណ្តេញចេញពីក្របខណ្ឌក្រសួងមហាផ្ទៃ។
ដំណឹងនេះបង្កការភ្ញាក់ផ្អើលដល់មហាជនគ្រប់មជ្ឈដ្ឋាន ដោយមានមតិ២លើកឡើងថា «សមមុខ ធ្វើអញ្ចឹងថ្ងៃក្រោយឲ្យរាង កុំឲ្យប៉ូលីសដទៃចេះតែបំពានច្បាប់ទៀត»។ ចំណែកឯមតិភាគច្រើនមួយទៀតបានលើកឡើងថា «ធ្វើចឹងមិនសមទេ គួរណាស់តែហៅគាត់ទៅណែនាំ ឬបញ្ឈរជើងមួយរយៈ ទុកជាការពិន័យតាមវិធានរដ្ឋបាលទៅចុះ»។
ទន្ទឹមនោះ លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម សង្ឃឹមសម្តេចតេជោ សន្តោសប៉ូលីសចរាចរណ៍២នាក់ មិនបញ្ចេញចេញពីក្របខណ្ឌក្រសួងមហាផ្ទៃ ដោយលោកបានគិតដល់ចំណុចមួយ ធ្វើឲ្យអ្នកនៅជុំវិញខ្លួនមានការសាទរយ៉ាងខ្លាំង ខណៈចំណុចនោះបាននិយាយពី ស្ថិរភាពប្រាក់ចំណូលគ្រួសារមន្ត្រីប៉ូលីសទាំង ២នាក់ ក្រោយបាត់បង់ការងារ។
ហេង ឡុង បានរាយរាប់ក្នុងសំណេរលើផេកផ្លូវការរបស់លោកថា «សង្ឃឹមថាសម្តេចទាំងពីរមេត្តាសន្ដោសប្រណីដល់ពួកគាត់ផង ជាកំហុសលើកទី១ ត្រឹមបញ្ឈរជើងគាត់សិនចុះ មេត្តាកុំដកគាត់ចេញពីក្របខ័ណ្ខនគរបាលអី អាណិតកូនៗដែលពឹងលើឪពុក ទាំងអាហារនិងការសិក្សា នេះជាមេរៀនមួយដល់មន្ត្រីរាជការពុករលួយដ៏ទៃៗទៀត សូមអស់លោកអាណិតសម្តេចផង»៕








Post a Comment