បណ្តាំគ្រូហុងស៊ុយ៖ តើគួរដាំផ្កាប្រភេទណា នាំឲ្យផ្ទះមាន លាភ ទ្រព្យហូរចូលផ្ទះ...
បើតាមក្បួនហុងស៊ុយ ការប្រើប្រាស់ផ្កាស្រស់ ឬផ្កាសិប្បនិមិត្តមកតុបតែងក្នុងផ្ទះ សុទ្ធតែនាំមកនូវភាពស្រស់ថ្លា និងលាភសំណាងឲ្យអ្នករស់នៅក្នុងផ្ទះ មានដូចជាផ្កាកុលាប សំដៅដល់សេចក្ដីស្រឡាញ់ និងសេចក្ដីសុខ, ផ្កាទុយលីប ( Tulip ) បង្ហាញពីក្តីសង្ឃឹម និងសំណាងល្អ, ដើមផ្កាវល្លិ បង្ហាញពីដំណឹងល្អ, ផ្កាកំភ្លឹង សំដៅដល់ភាពសមតាមបំណង, ផ្កាឈូក និងផ្កាអ័រគីដេជាដើម។
មនុស្សជាច្រើនបានដាក់ផើងផ្កាដំបងយក្ស ឬប្រទាលកន្ទុយក្រពើក្នុងបន្ទប់គេង ដើម្បីឲ្យស្រូបធាតុវិទ្យុសកម្មពីគ្រឿងអេឡិចត្រូនិក តែតាមក្បួនហុងស៊ុយ ផ្កាមានបន្លាត្រូវគេមានជំនឿថាពោរពេញដោយរឿងអវិជ្ជមាន មិនល្អនានា។ តែគេអាចយកផ្កា ឬប្រទាលទាំងនោះដាក់តាមបង្អួចក្រៅផ្ទះស្រូបយកភាពអពមង្គល ដែលចូលតាមបង្អួច និងកម្ទេចចោលជាមួយបន្លាស្រួច។
ម្ចាស់ផ្ទះមិនគួរដាក់ផ្កាក្នុងបន្ទប់គេងទេ ព្រោះមនុស្សខ្លះប្រឈមនឹងរោគអាល៊ែហ្ស៊ីជាមួយលម្អងផ្កាដែលជាគ្រោះថ្នាក់។ ទីពីរ ផ្កាខ្លះមានក្លិនធ្វើឲ្យមនុស្សមិនងងុយគេងទៀត។
ចំណែកក្នុងបន្ទប់ទទួលភ្ញៀវ បើយើងចេះរៀបចំឲ្យមានសោភ័ណភាពស្រស់ស្អាតនោះ មិនត្រឹមតែជួយលើកមុខមាត់របស់ម្ចាស់ផ្ទះប៉ុណ្ណោះទេ នូវជួយឲ្យមានអារម្មណ៍ស្រស់ស្រាយថែមទៀតផង ។ បន្ទប់មួយនេះ ម្ចាស់ផ្ទះទូទៅតែងយកដើមផ្កា ឬផ្កា គ្រប់ប្រភេទមកតុបតែងដាក់តាំងលម្អ ដើម្បីឲ្យមានសោភ័ណភាព ដោយភ្លេចគិតពីផលអវិជ្ជមានផ្សេងៗ ដែលបណ្ដាលមកពីដើម ឬផ្កាទាំងអស់នោះ ។
បើតាមអ្នកជំនាញហុងស៊ុយចិន បានណែនាំឲ្យម្ចាស់ផ្ទះទាំងឡាយមិនគួរយកផ្កាណាដែលមានបន្លាមកដាក់តាំងលម្អ នៅក្នុងបន្ទប់ទទួលភ្ញៀវនោះទេ តែគួររករបស់ណាដែលជាសិរីមង្គលមកដាក់តាំងលម្អវិញដូចជាដើមឈើ ឬប្រទាលជាដើម ។ ក្រៅពីនេះ គួររកថូផ្កាមួយមកតាំង ហើយជ្រើសរើសផ្កាណាដែលមានពណ៌ស្រស់ស្អាតមកដាក់ គឺរឹតតែប្រសើរ ។
ដើម្បីឲ្យបានផលល្អ ផ្កាដែលអ្នកយកមកតុបតែងលម្អផ្ទះ គួរឧស្សាហ៍ថែទាំឲ្យបានល្អ កុំឲ្យធូលីដីរុំស្រោបប្រឡាក់កខ្វក់ ឬបើជាផ្កាស្រស់ ត្រូវថែទាំឲ្យស្រស់បំព្រង កុំឲ្យស្វិតស្រពោន ដោយបន្ថែមទឹកក្នុងថូជានិច្ចកុំឲ្យរីងស្ងួត៕
Post a Comment