ពេលនេះដឹងការពិតហើយ ! ដើមកំណើតនៃពាក្យ ‹សៀម និងតៃ/ថៃ› តាមការស្រាវជ្រាវថ្មី!
អ្នកប្រវត្តិសាស្ដ្រជាតិបារាំងបានឲ្យដឹងថា ការស្រាវជ្រាវថ្មីរបស់លោក ហ្វែកលូស នៅតែជាជំនួយស្មារតី ដ៏មានអត្ថន័យស៊ីជម្រៅ ក្នុងការស្វែងយល់អំពីប្រភពនៃពាក្យសៀម ឬស្យាម ។ តែការដែលមិនអាចរំលងបានផងដែរនោះ គឺមតិរបស់អ្នកស្រាវជ្រាវខាងលើនេះ បានផុសចេញពីមេគំនិតធំ គឺលោក រីស្បូ ដែលជាជនជាតិបារាំង ។
វាជាការពិតណាស់ ដែលការហៅឈ្មោះតាមជាតិពិន្ធុវិទ្យា ក្នុងសង្គមមនុស្ស គឺជាបញ្ហាស្មុគស្មាញបំផុត។ ជាទូទៅប្រជាជនសុទ្ធសឹងតែមានឈ្មោះមួយ សម្រាប់តាំងអម្បូរខ្លួនឯង ហើយមួយទៀត ឬច្រើនជាងមួយ គឺមកពីអ្នកខាងក្រៅហៅ។ ដូច្នេះឈ្មោះមួយ អាចក្លាយទៅជាឈ្មោះមួយទៀតក៏បាន។
ការតាំងឈ្មោះ មានការប្រែប្រួលតាមសម័យកាល ឬទីតាំង ពោលគឺមិនមានក្រឹត្យក្រមអ្វីទេ ហើយអាចចេញពីសហគមន៍មួយទៀតហៅ ដែលជាហេតុធ្វើឲ្យសំនៀង មានការប្រែប្រួល និងកែប្រែ ហើយមានលក្ខណៈមិនប្រាកដប្រជាផង។
ដោយឡែក ជនជាតិសៀម ឬតៃ ដែលជាជនជាតិថ្មីថ្មោង មកពីភូមិភាគខាងត្បូងនៃប្រទេសចិន ជាពិសេស ម្តុំខាងជើងនៃប្រទេសភូមាបច្ចុប្បន្ន ក៏មានឈ្មោះផ្ទាល់ខ្លួនរបស់គេ តាំងពីកំណកំណើតពូជសាសន៍គេ មកម្ល៉េះដែរ។
ព័ត៌មានដែលអ្នកប្រវត្តិវិទូបានប្រមូលឯកសារ ក្នុងអំឡុងពេលសិក្សាស្រាវជ្រាវកន្លងទៅនេះ មានជាអាទិ៍៖ ភាសាសាស្ដ្រ ប្រភពនៃពាក្យសិលាចារឹកសាស្ដ្រ.. ។
ព័ត៌មានដែលអ្នកប្រវត្តិវិទូបានប្រមូលឯកសារ ក្នុងអំឡុងពេលសិក្សាស្រាវជ្រាវកន្លងទៅនេះ មានជាអាទិ៍៖ ភាសាសាស្ដ្រ ប្រភពនៃពាក្យសិលាចារឹកសាស្ដ្រ.. ។
ល។ ការសិក្សាអំពីវប្បធម៌ ‹សៀម› បានជួយឲ្យយល់ដឹងកាន់តែច្បាស់ អំពីប្រភពនៃពាក្យនេះនៅក្នុងឧបទ្វីបឥណ្ឌូចិន។ ការយល់ដឹងអំពីវប្បធម៌បុរាណ, ប្រវត្តិសាស្ដ្រ ក៏បានផ្ដល់នូវលទ្ធភាព ដើម្បីកែតម្រូវនូវទស្សនៈខុសមួយចំនួន ដែលធ្លាប់តែមានទិន្នន័យមិនត្រឹមត្រូវជាមូលដ្ឋានគ្រឹះ។
ជាបឋមប្រវត្តិវិទូ បានផ្ដោតចំណាប់អារម្មណ៍ជាពិសេសទៅលើ ពាក្យ៣ គឺ សៀម ស្យាំ និងស្យាម ដែលគេឃើញ កំពុងតែពេញនិយមនៅប្រទេសថៃបច្ចុប្បន្ន។ ក្រុមអ្នកស្រាវជ្រាវបានជួបប្រទះការហៅយ៉ាងដូច្នេះ ក្នុងកម្មវិធី សិក្សាក្នុងប្រទេសថៃ។ ទន្ទឹមនឹងនេះ គេក៏មិនត្រូវភ្លេចដែរថា ពាក្យជាតិពន្ធុសៀមខាងលើនេះ មានប្រភពដូចគ្នា នឹងពាក្យស្សាន ឬសាន ដែលសំដៅលើជនជាតិតៃភាគតិច នៅប្រទេសភូមា និងអាស្សាម។
តាមការវិភាគខាងលើ គេក៏បានដឹងផងដែរថា ជនជាតិសៀម ឬសាន គឺជាជនជាតិតៃ ដូចជា តៃនៅភូមា និងនៅក្នុងអាស្សាម ដែលមានទាំងពូជសាសន៍ និងទាំងផ្នែកភាសាជាមួយគ្នាក្នុងដំណាក់កាលដំបូង នៃប្រវតិ្ដសាស្ដ្រ ដែលជនជាតិនេះ មិនទាន់បានបង្កើតរដ្ឋរបស់ខ្លួននៅឡើយ។
គេក៏បានដឹងដែរថា ចាប់តាំងពីសតវត្សរ៍ទី១២ និងទី១៣ តួនាទីរបស់ស្សាម មានលក្ខណៈយ៉ាងសកម្មឡើងៗ រហូតដល់ការបង្កើតរដ្ឋឯករាជ្យរបស់ខ្លួន នៅលើអតីតទឹកដីខ្មែរ ក្រោយពីផ្សំកាត់ជាមួយខ្មែរ ប្រារព្ធប្រពៃណីទំនៀមទម្លាប់ខ្មែរ។
គួររំលឹកថា ជនជាតិចិន ហៅជនជាតិ និងប្រទេសរបស់សៀមថា ‹សៀនឡូ ឬស្សានឡូ› ដែលជាឈ្មោះនៃព្រះរាជាណាចក្រតៃដំបូងបង្អស់ នៅសុខោទ័យ។ ពាក្យនេះផ្សំផ្គុំរវាងពាក្យពីរម៉ាត់គឺ សៀន/ស្សាន និងឡូ មកពីលូ ឬ ល្វោ ឬលព្វបុរី គឺជាទីក្រុងខ្មែរ ដែលសៀមឈ្លានពានដណ្ដើមយកបាន នៅសតវត្សរ៍ទី១៤។ ឈ្មោះនេះត្រូវបានគេកត់ត្រាទុកនៅឆ្នាំ១២៩៧ ដោយអ្នកការទូតចិន ឈ្មោះជីវតាក្វាន់ នៃសន្ដតិវង្សយ័ន។
ក្នុងករណីនេះ យើងដឹងច្បាស់ថា ពាក្យសៀមនាសម័យទំនើបនេះ កើតចេញមកពីពាក្យ សៀន/ស្សាន យ៉ាងប្រាកដ ហើយបញ្ហានេះទាក់ទងទៅនឹងសិលាចារឹកខ្មែរ ដូចគេដឹងស្រាប់ហើយថា ពាក្យស្យាម ក៏ត្រូវបានគេឃើញតាមសិលាចារឹកខ្មែរនាសម័យបុរេអង្គរ (កុស្សាម/ស្យាំ) និងអង្គរ (ស្យាមកុក) ដែលភាគច្រើនគឺពួកគេជាទាសី ទាសា សៀម។
ក្នុងសង្គមចាម ស្ថិតក្នុងសតវត្សរ៍ទី១១ គេក៏បានឃើញវត្តមានរបស់ពាក្យស្យាមដែរ ដែលជាជនជាតិពន្ធុ ស្សាម ។
ជារួម ការស៊ើបអង្កេតបានបង្ហាញឲ្យឃើញថា ជនជាតិសៀម ឬតៃ ដែលដើមឡើយ រស់នៅម្ដុំម៉ងម៉ាវខាងជើង ឆៀងខាងកើត នៃប្រទេសភូមាបច្ចុប្បន្ន ក្នុងភូមិភាគខាងត្បូងនៃប្រទេសចិន មានទំនាក់ទំនងបន្ដិចបន្ដួចជាមួយខ្មែរ នៅរវាងសតវត្សរ៍ទី៦ និងទី១២ ក្នុងឋានៈជាអ្នកបម្រើ។ ក្នុងខណៈនោះដែរ ពួកអន្ដោប្រវេសន៍តៃទាំងនោះ ក៏បាន ក្លាយជាអ្នកបម្រើក្នុងជួរទ័ពខ្មែរ ឬគ្រាន់តែជាទ័ពស៊ីឈ្នួលរបស់ព្រះបាទសុរិយាវរ្ម័នទី២ ឬក៏អាចជាព្រះរាជាក្រោយៗមកទៀត(សំអាងតួអក្សរ បែបសម័យបាយ័ន) មុននឹងមានការបង្កើតរដ្ឋ ដំបូងគេនៅលើទឹកដីខ្មែរនៅខេត្តសុខោទ័យ និងលព្វបុរី ។
ក្រៅពីប្រទេសកម្ពុជា និងចាម្ប៉ា គេឃើញនៅមានពាក្យសៀម(ស្យាម) ក្នុងប្រទសភូមាបច្ចុប្បន្នដែរ។ ក្រៅពីប្រភពនៃពាក្យសៀម/សាន ដែលសំដៅជនជាតិតៃនេះ នៅមានបញ្ហាពាក់ព័ន្ធទៅនឹងអត្ថន័យរបស់ពាក្យនេះ ដែលគេត្រូវតែធ្វើការស្រាវជ្រាវ ដើម្បីប្រមូលនូវទិន្នន័យឲ្យបានគ្រប់គ្រាន់ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ពន្យល់។
ខាងលើនេះ ជាប្រធានបទសំខាន់ណាស់ដែលផ្ដោតលើន័យរបស់ពាក្យសៀម/ស្យាម។ មានមធ្យោបាយតែមួយ ឲ្យគេយល់ពាក្យនេះបាន គឺការពិនិត្យវចនានុក្រមសំស្ក្រឹត-បារាំងរបស់លោកនិត និង រើនូ ។ ការពិនិត្យយ៉ាងដិតដល់ បានឲ្យដឹងថា ពាក្យសៀម/ស្យាម អាចយកពីពាក្យសំស្ក្រឹត ‹ស្យាម› ដែលមានន័យថា ខ្មៅ សម្បុរសណ្ដែកបាយ ដែលជាលក្ខណៈសម្បតិ្ដមួយ។
តែនៅទីនេះ ពាក្យនេះ គឺមិនសំដៅជនជាតិមានសម្បុរខ្មៅ ដូចមនុស្សព្រៃ ដែលរស់ក្នុងតំបន់ខ្ពង់រាប និងភាគកណ្ដាលនៃប្រទេសថៃបច្ចុប្បន្នទេ។ បន្ទាប់មកពាក្យសៀម/ស្យាមនេះ ក៏ត្រូវគេហៅ ដើម្បីសំដៅជនជាតិតៃផ្ទាល់តែម្ដង ដែលបានមកតាំងលំនៅស្ថាន ក្នុងតំបន់នេះ ហើយក៏មកត្រួតត្រាខ្មែរម្ចាស់ស្រុក។
តាមពិតពាក្យសៀម/ស្យាម មិនមែនមានអត្ថន័យខ្មៅកខ្វក់ ដែលខ្មែរបានហៅកុលសម្ព័ន្ធខ្មែរ-មន ឬសៀមនោះទេ ដូចវត្តមានរបស់ពាក្យ ‹ពញ› ដែរពាក្យ សៀម/ស្យាម ម្រតាញ គឺជាគោរម្យងារ ហើយថ្មីៗនេះ រហូតដល់ដើមសតវត្សរ៍ទី២០ ខ្មែរយើងនៅខេត្តបាត់ដំបង ពួកគាត់ហៅថៃថា ‹អ្នកសៀម› ដែរ ក្នុងន័យថាមនុស្សសៀម។
តាមការស្រាវជ្រាវខាងលើ គេអាចនិយាយបានថា ពាក្យសៀម/ស្យាម ឬសៀន ក្នុងបរិបទវប្បធម៌បុរេអង្គរ មិនសំដៅជនជាតិថៃ នៃប្រទេសថៃសព្វថ្ងៃនោះទេ ពីព្រោះជនជាតិតៃមិនទាន់កាន់ឥណ្ឌូចិន ឲ្យបានក្រាស់ក្រែលនៅឡើយ។ ខុសពីសតវត្សរ៍ទី១២ ដែលពាក្យស្យាមនេះ ពិតជាសំដៅឈ្មោះជនជាតិសៀម នៅខេត្តសុខោទ័យ និងលព្វបុរីមែន។
តែទោះជាយ៉ាងណាក៏ដោយ ក៏ពាក្យសៀម/ស្យាមនេះ ពិតជាកើតចេញពីពាក្យ កូសាំពីដែរ ដែលត្រូវបានគេបំព្រួញទៅ ឃើញក្រោមរូបភាព នៃស័ព្ទស្យាម/សៀម ក្នុងភាសាខ្មែរ ស្យាម ក្នុងភាសាចាម្ប និងស្យាម/ស្សាំ ក្នុងភាសាភូមាបុរាណ គឺពាក្យនេះហើយដែលបានឲ្យកំណើត ឲ្យជាតិពន្ធុនាម ឆាន សាន ផង និងសៀម/ស្យាម ផង។
ដូច្នេះ តាមវត្តមានរបស់ពាក្យសៀម ក្នុងភូមិភាគឥណ្ឌូចិន គឺជាសញ្ញានៃការចែកចាយ ឬការជម្លៀសខ្លួនរបស់ជនជាតិតៃ ក្នុងតំបន់យ៉ាងប្រាកដ។
តាមពិតទៅ ពាក្យសៀមនេះមិនមែនកើតចេញពីសំស្ក្រឹតនោះទេ ក៏ប៉ុន្ដែពិតជាបានមកពីពាក្យ(កូ) សាំ(ពី) ឬកូសានពី ដែលជាស័ព្ទជនជាតិភូមានៃទីក្រុងអាវា និងភូមិភាគខាងជើងឆៀងខាងកើតនៃប្រទេសភូមា ហៅរដ្ឋតៃ(ពួកសាន) ដែលមានមជ្ឈមណ្ឌលដ៏ធំមួយគឺ ម៉ងម៉ាវ។ ហើយពាក្យ កូសាំពី នោះ មកត្រូវបានកត់ត្រា ក្នុងព្រះរាជពង្សាវតារ នៃសន្ដតិវង្សតាំងរបស់ចិន ពី (៦១៨-៩០៦) មកម្ល៉េះ។
ពាក្យខាងលើនេះត្រូវបានខ្ចីពីពាក្យ កៅសាម ពី ភាសាសំស្ក្រឹតនៃប្រទេសឥណ្ឌា ដែលជាឈ្មោះទីក្រុងដ៏ល្បីល្បាញមួយ ដែលព្រះពុទ្ធអង្គទ្រង់បានប្រទាននូវធម្មតាទេសនាដំបូងបង្អស់។ ដូច្នេះហើយ បានជាជនជាតិភូមាបានយកឈ្មោះនៃទីក្រុងឥណ្ឌានេះ មកតាំងរដ្ឋសាន/ ស្សាន របស់ជនជាតិតៃនៅភូមា។ ហើយពាក្យ កូសាំពី ឬកូសាមពីនេះ មានន័យថា រដ្ឋសាន/ស្សាន ទាំង ៧ក្នុងភាសាភូមា។
ដូច្នេះពាក្យសាន/ស្សាន និងស្យាម ដែលជាពាក្យបំព្រួញមានប្រភពចេញពីពាក្យកូសានពី ឬកោសាំពី សម្រាប់សម្គាល់ជនជាតិថៃ ចាប់តាំងពីសតវត្សរ៍ទី១២-១៣មក ។
ដូច្នេះសរុបសេចក្ដីមក ចំណុចសំខាន់ទាំងប៉ុន្មាន ដែលទើបតែអធិប្បាយខាងលើ គឺជាលទ្ធផលនៃការស្រាវជ្រាវថី្មរបស់លោក ហ្វែកលូស ពីដើមកំណើតនៃពាក្យសៀម ឬតៃ ដែលមិនខ្វែងគំនិតនឹងយើងឡើយ។ ប៉ុន្ដែ ដើម្បីបំពេញនូវព័ត៌មានជុំវិញបញ្ហានេះ គប្បីត្រូវជ្រាបថា ប្រជាជនសៀម ដែលរស់នៅយ៉ាងកុះករ នៅប្រទេសយៀកណាមខាងជើងសព្វថ្ងៃនេះ ត្រូវបានជនជាតិវៀត ឬយួន ហៅថា ថាយ ឬថៃ នេះ គឺជាភស្តុតាងផ្សេងមួយ ក្នុងការសម្គាល់ប្រភពនៃពាក្យសៀម ឬតៃ ដែរ។
ខាងលើនេះ គឺជាលក្ខណៈសម្គាល់ដ៏ពិសេសរបស់ប្រជាជនសៀម ឬតៃ ហើយអ្វីៗទាំងអស់សុទ្ធសឹងតែមានមូលហេតុរបស់វា។ ដូច្នេះ មិនមែនដូចអ្នកស្រាវជ្រាវខ្លះអះអាងនោះទេ ជនជាតិសៀម ឬតៃ គឺជនជាតិមួយ ធំក៏មែនពិត តែជាអន្ដោប្រវេសន៍ដែលបានដណ្ដើមទឹកដីពីជនជាតិខ្មែរដើម ចាប់តាំងពីចុងសតវត្សរ៍ទី១៣ ពោលគឺខ្មែរ និងមន ជាម្ចាស់ស្រុក ដែលស្ថិតក្នុងអម្បូរតែមួយ(ខ្មែរ-មន) ទាំងពូជសាសន៍ ទាំងភាសា ៕
-----------------------------------
ប្រភព៖ មីសែល ត្រាណេ
ប្រភព៖ មីសែល ត្រាណេ
Post a Comment