រើសបានកាបូបទទេ បែររងចោទថាយកលុយគេទាំងអស់ ទម្រាំដឹងការពិតរអៀសខ្លួនមិនស្ទើរ
មានបុរសម្នាក់ជាមនុស្សចេះជួយយកអសា ចិត្តល្អ និងរួសរាយរាក់ទាក់។ គាត់ត្រូវគេស្គាល់ថា មានចំណង់ចំណូលចិត្តជួយអ្នកដទៃដោយមិនចង់បានសំណងមកវិញ ព្រោះតែក្ដីអាណិត និងស្រលាញ់អ្នកទាំងនោះ។
ថ្ងៃមួយ គាត់បានដើរតាមផ្លូវលំមួយកន្លែង ស្រាប់តែឃើញកាបូបជ្រុះនៅលើដី រួចក៏រើសយកមកមើល ប៉ុន្តែគ្មានអ្វីនៅក្នុងកាបូបសោះ។ រំពេចនោះ មានស្ត្រីម្នាក់បានឃើញបុរសនេះកំពុងរើសកាបូប រួចអ្នកស្រីក៏ហៅប៉ូលិសឲ្យមកចាប់ភ្លាម។
ស្ត្រីរូបនេះ បានសួរបុរសខាងលើថា “តើឯងលាក់លុយរបស់ខ្ញុំនៅទីណា?” បុរសឆ្លើយ “ខ្ញុំមិនបានលាក់លុយរបស់អ្នកមួយសេនទេ ក្នុងកាបូបនេះទទេពេលខ្ញុំរើសមក”។ ស្ត្រីចាប់ផ្ដើមស្រែកគំហកខ្លាំងៗ “ឆាប់ឲ្យលុយខ្ញុំមកវិញឲ្យលឿន វាជាលុយបង់ថ្លៃសាលារបស់កូនប្រុសខ្ញុំច្បាស់ណាស់”។
បុរសដដែលបានកត់សម្គាល់ថា ស្ត្រីនេះកំពុងមានអារម្មណ៍សោកស្ដាយ និងខឹងខ្លាំង ទើបគាត់សុខចិត្តឲ្យប្រាក់របស់ខ្លួនទាំងអស់ រួចសុំទោសបន្ថែមពីលើទៀត។ បានលុយហើយ អ្នកស្រីក៏ព្រមចាកចេញទៅ ហើយប៉ូលិសបន្តចាប់ខ្លួនបុរសសាកសួរបន្ថែម។
បន្ទាប់ពីបានកាបូប អ្នកស្រីសប្បាយចិត្តខ្លាំង ពេលចាប់ផ្ដើមរាប់លុយ ស្រាប់តែឃើញលុយមានចំនួនច្រើនទ្វេរដងក៏មានអារម្មណ៍ភ្ញាក់ផ្អើល។ នៅថ្ងៃបន្ទាប់ អ្នកស្រីបានយកលុយនោះទៅបង់ថ្លៃសាលាឲ្យកូន អ្នកស្រីបានឃើញបុរសម្នាក់ស្ថិតក្នុងសភាពហត់ហែវអស់កម្លាំងចេះតែដើរតាមពីក្រោយរហូត។ អ្នកស្រីគិតក្នុងចិត្តថា ប្រហែលជាចោរចង់ប្លន់ខ្លួនហើយ ក៏ប្រញាប់ទៅរកប៉ូលិសនៅក្បែរឲ្យជួយ។
ប៉ូលិស គឺជាប៉ូលិសថ្ងៃមុនដដែល។ អ្នកស្រីដើរទៅរកប៉ូលិសយ៉ាងលឿន ស្រាប់តែកំពុងរៀបរាប់ប្រាប់ប៉ូលិសក៏ឃើញបុរសហត់ហែវនោះដួលសន្លប់ស្ដូកតែម្ដង។ អ្នកទាំងពីរបានរត់ទៅមើលបុរសរងគ្រោះនោះភ្លាមៗ រួចក៏ដឹងថាជាបុរសដែលរងការចោទប្រកាន់លួចលុយកាបូបអ្នកស្រីថ្ងៃមុន។
ប៉ូលិសនិយាយថា “បុរសកម្លោះថ្ងៃមុនតើ! គាត់មិនបានយកប្រាក់អ្នកស្រីទេ ផ្ទុយទៅវិញគាត់ចេញលុយខ្លួនឯងឲ្យអ្នកស្រីទាំងអស់។ គាត់មិនមែនជាចោរ ប៉ុន្តែក្រោយឮអំពីថ្លៃបង់សាលារបស់កូនអ្នកស្រីបាត់ គាត់ក៏អាណិត រួចសុខចិត្តឲ្យលុយខ្លួនឯងទាំងអស់”។
បន្តិចក្រោយមក អ្នកទាំងពីរបានជួយឲ្យបុរសរងគ្រោះដឹងខ្លួន រួចគាត់ក៏និយាយថា “សូមអ្នកស្រីដើរទៅមុខ ហើយបង់ថ្លៃសាលាឲ្យកូនប្រុសអ្នកស្រីទៅ។ ខ្ញុំបានប្រទះឃើញអ្នកស្រី ខ្ញុំក៏ដើរតាមដើម្បីជួយធានាសុវត្ថិភាពឲ្យអ្នកស្រីកុំឲ្យមានអ្នកណាមកលួច ឬប្លន់លុយទាំងនេះ”។ អ្នកស្រីភ្ញាក់ខ្លួនព្រើត ហួសចិត្តខ្លួនឯង រកអ្វីនិយាយមិនរួច៕
តម្លៃអប់រំរឿង៖ ជីវិតផ្ដល់បទពិសោធន៍ឲ្យអ្នកប្លែកៗមិននឹកស្មាន ជួនកាលធ្វើបាបអ្នក ជួនកាលធ្វើឲ្យភ្ញាក់ផ្អើល។ នៅពេលកំពុងខឹង វាតែងតែធ្វើឲ្យអ្នកសម្រេចចិត្តខុស ឬបង្កកំហុសកាន់តែធំ។ យ៉ាងណា នៅពេលអ្នកមានឱកាសជាលើកទីពីរ សូមកែតម្រូវកំហុសរបស់ខ្លួនឲ្យបាន។ រៀនធ្វើចិត្តល្អ អាណិតអ្នកដទៃ និងគោរពកោតសរសើរអ្នកដទៃពេលគេជួយអ្វីដល់អ្នក។
ប្រភព៖http://rikreay24.com/archives/3324
Post a Comment