Header Ads

ឪពុកអ្នកមាននាំកូនឲ្យទៅស្គាល់ផ្ទះ​អ្នកក្រមានអ្វីខ្លះ ស្រាប់តែឪពុក​ភ្ញាក់ខ្លួនព្រើត


ថ្ងៃ​មួយ​ឪពុក​ដែល​ជា​អ្នក​មាន​ទ្រព្យ​ធន​ហូរហៀរ​ម្នាក់ បាន​នាំ​កូន​ប្រុស​ទៅ​លេង​ជនបទ ដើម្បី​បង្ហាញ​ថា​ការ​រស់នៅ​ក្នុង​ស្ថានភាព​ក្រ​នាំ​ឲ្យ​ជីវិត​​លំបាក​យ៉ាង​ណា។ ពួក​គេ​បាន​ចំណាយ​ពេល​ពីរបី​ថ្ងៃ ស្នាក់​នៅ​កសិដ្ឋាន​កម្សត់​មួយ សម្ងំ​ចាំ​មើល​ទៅ​​គ្រួសារ​ក្រ​លំបាក​បំផុត​មួយ​។
​បន្ទាប់​ពី​ដំណើរ​កម្សាន្ត​ចប់​ត្រលប់​ទៅ​ផ្ទះ​វិញ ឪពុក​បាន​សួរ​កូន​ប្រុស​ពី​ចំណាប់​អារម្មណ៍​ចំពោះ​ការ​ផ្សង​ព្រេង​ក្នុង​នាម​ជា​អ្នក​ក្រ។ “អស្ចារ្យ​ណាស់​ប៉ា…” កូន​ប្រុស​ឆ្លើយ​តប​ឪពុក។ “ចុះ​កូន​ប្រុស​មាន​ឃើញ​ថា ​អ្នក​ក្រ​អាច​ធ្វើ​អ្វី​បាន​ខ្លះ​ទេ?”។ ឪពុក​សួរ​បន្ត ឯ​កូន​ក៏​បាន​ឆ្លើយ​ថា “បាទ… ឃើញ”។
​”អ៊ីចឹង​កូន​បាន​រៀន​អ្វី​ខ្លះ​ពី​ដំណើរ​កម្សាន្ត​នេះ”?… កូន​ប្រុស​បាន​ឆ្លើយ​ថា “ខ្ញុំ​ឃើញ​ថា យើង​មាន​ឆ្កែ​មួយ ឯ​ពួក​គេ​មាន​ដល់​ទៅ​បួន…. យើង​មាន​អាង​ហែល​ទឹក​មួយ​ដល់​កណ្ដាល​សួន ឯ​ពួក​គេ​វិញ​មាន​ព្រែក​ដាច់​កន្ទុយ​ភ្នែក… ពេល​យប់​យើង​មាន​គោម​នៅ​ក្នុង​សួន តែ​ពួក​គេ​មាន​ផ្កាយ​ពេញ​មេឃ… យើង​មាន​សួន​ដល់​មុខ​ផ្ទះ ឯ​ពួក​គេ​វិញ​មាន​ដល់​ជើង​មេឃ”។
​កូន​ប្រុស​បាន​បន្ត​ទៀត​ថា “យើង​មាន​ដី​តូច​សម្រាប់​រស់​នៅ ឯ​ពួក​គេ​វិញ​មាន​ដី​ស្រែ​ល្វឹងល្វើយ ទេសភាព​ខុស​ពី​កន្លែង​យើង… យើង​មាន​អ្នក​តាម​បម្រើ តែ​ពួក​គេ​វិញ​តាម​បម្រើ​អ្នក​ផ្សេង… យើង​ទិញ​អាហារ​ញ៉ាំ តែ​ពូក​គេ​ដាំ​ខ្លួន​ឯង… យើង​មាន​របង​នៅ​ជុំ​វិញ​ដើម្បី​ការពារ​ខ្លួន តែ​ពួក​គេ​មាន​ញាតិមិត្ត​ជិត​ខាង​ជា​អ្នក​ការពារ”។ ឪពុក​ក្មេង​ប្រុស​មិន​បាន​និយាយ​អ្វី​កាត់​ទេ ហើយ​កូន​ប្រុស​ក៏​បាន​បន្ថែម​ទៀត​ថា “វា​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ថា ពួក​យើង​ពិត​ជា​ក្រ​ណាស់..”។
កាល​ពី​ដំបូង​ ​ឪពុក​គ្រាន់​តែ​ចង់​បង្រៀន​កូន​ឲ្យ​ស្គាល់​ភាព​ក្រ​ថា​លំបាក​យ៉ាង​ណា​ប៉ុណ្ណោះ ប៉ុន្តែ​មិន​នឹក​ស្មាន​ថា​កូន​ប្រុស​​ចេះ​នឹក​ឃើញ​ដល់​ថ្នាក់​នេះ​ឡើយ។ ចេះ​នឹក​ឃើញ​ពី​អ្វី​ដែល​ខ្លួន​គ្មាន ដឹង​ពី​អ្វី​ដែល​ខ្លួន​មាន និង​ភ្ញាក់​រលឹក​ស្គាល់​​ទុក្ខ​លំបាក ព្រម​ទាំង​ភាព​ខុស​គ្នា​រវាង​អ្នក​ក្រ​ និង​អ្នក​មាន។
តម្លៃអប់រំរឿង៖ បើ​ទោះ​បី​មាន​ទ្រព្យ​ប៉ុណ្ណា​ក៏​មនុស្ស​មិន​ចេះ​ស្កប់​ស្កល់​ដែរ លុះ​ត្រា​តែ​ចេះ​ពិចារណា​ប្រៀប​ធៀប​បែប​នេះ​ទើប​អាច​រំងាប់​អារម្មណ៍។ យើង​ចេះ​តែ​ភ្លេច​ថា​យើង​មាន​អ្វី ហើយ​គ្មាន​អ្វី របស់​ដែល​ឥត​ប្រយោជន៍​សម្រាប់​មនុស្ស​ម្នាក់ បែរ​ជា​មាន​តម្លៃ​សម្រាប់​អ្នក​ផ្សេង ទាំង​អស់​នេះ វា​គ្រាន់​តែ​ជា​ទស្សនៈ​របស់​មនុស្ស​ម្នាក់​ប៉ុណ្ណោះ។ អ្នក​ក្រ​អាច​រីករាយ​តាម​បែប​អ្នក​ក្រ ចំណែក​អ្នក​មាន​អាច​រក​វិធី​រីករាយ​តាម​បែប​អ្នក​មាន សំខាន់​ត្រូវ​ចេះ​ពេញ​ចិត្ត​អ្វី​ដែល​កំពុង​កាន់​ក្នុង​ដៃ៕
 ប្រភព៖rikreay24.com

No comments