Header Ads

បុរសចំណាស់ក្រលំបាក​តោកយ៉ាក និង ក្មេង​ប្រុស​ម្នាក់ ស្គាល់គ្នាអស់រយះពេល​ ១៥ ឆ្នាំ​ទើបដោះស្រាយ ចម្ងល់​ដែល​មាន​ក្នុង​ចិត្ត បុរស​ចំណាស់​ ទាក់ទង​នឹង​ក្មេង​ប្រុស​ម្នាក់​នេះ



មាន​ពេល​មួយ​មាន​បុរស​ចំណាស់ ក្រ​លំបាក ក្នុង​សំលៀកបំពាក់​មិន​ស្អាតស្អំ​ម្នាក់ បាន​ដើរ​តាម​ផ្លូវ​លំ​មួយ ជា​ផ្លូវ​ដែល​សិស្ស​សាលា​អនុវិទ្យាល័យ ធ្វើ​ដំណើរ​រៀងរាល់​ថ្ងៃ​ ដើម្បី​សិក្សា។ នៅ​ល្ងាច​ថ្ងៃ​នោះ​គាត់​បាន​ដើរ​តាម​ផ្លូវ​នោះ គាត់​សប្បាយ​រីករាយ​នឹង​ឃើញ​សិស្ស​សាលា ទាំង​អស់​ធ្វើ​ដំណើរ​សប្បាយ​ក្អាកក្អាយ ប្រលែង​គ្នា​លេង ត្រលប់​ពី​សាលារៀន​វិញ។ ក្នុង​ចំណោម​សិស្ស​សាលា​ទាំង​អស់​ បុរស​ចំណាស់​សង្កេត​ឃើញ​ពួក​គេ​ មិន​មាន​អោប​​សៀវភៅ​ច្រើន​ក្រាស់ក្រែល​នៅ​ក្នុង​ដៃ​ ដូច​ក្មេង​ប្រុស​ម្នាក់ ដែល​មាន​សណ្ឋាន​ជា​កូន​អ្នក​មាន​ស្ដុកស្ដម្ភ​​​ម្នាក់​នេះ​ទេ គាត់​នឹក​ហួសចិត្ត ព្រោះ​តែ​ក្មេង​សិស្ស​សាលា​ទាំង​អស់ ពួក​គេ​ផ្ញើ​សៀវភៅ​ពួក​គេ​នៅ​សាលារៀន ពួក​គេ​មិន​ចាំបាច់​អោប​សៀវភៅ​ទៅមក​ នាំ​លំបាក។
បុរស​ចំណាស់​ញញឹម​​ពព្រាយ​ដាក់​ក្មេង​ប្រុស​ ហើយ​ដើរ​ទៅ​កាន់​ក្មេង​ប្រុស​នោះ ហើយ​សួរ​សំណួរ​នូវ​ការ​ឆ្ងល់​ដោយ​សំលេង​សើច​រលាក់ យ៉ាង​សប្បាយ​ចិត្ត។ ក្មេង​ប្រុស​នោះ​ជា​ក្មេង​ស្រគត់ស្រគំ មិន​បាន​ឆ្លើយ​តប​នឹង​បុរស​ចំណាស់ ក្រ​តោកយ៉ាក​នោះ​ទេ បុរស​ចំណាស់​នោះ​បាន​បបួល​ក្មេង​ប្រុស​នោះ​ទៅ​ស្ទូច​ត្រី​លេង​ ក្បែរ​បឹង​នៅ​ក្បែរ​នោះ ដោយ​បុរស​នោះ​ជួយ​រំលែក​កាន់​សៀវភៅ​ខ្លះ។ ពួក​គេ​ទាំង​ពីរ​នាក់​ បាន​ស្ទូច​ត្រី​យ៉ាង​សប្បាយ​រីករាយ​ជាមួយ​គ្នា ក្រោយ​ពេល​ស្ទូច​ត្រី​ហើយ បុរស​ចំណាស់​បាន​ជូន​ក្មេង​ប្រុស​នោះ​ទៅ​ផ្ទះ​វិញ ហើយ​គាត់​បាន​ដោត​ត្រី​ដែល​ស្ទូច​បាន ជា​ពីរ​ត្រណោត​ដើម្បី​ចែក​គ្នា​ពាក់​កណ្ដាល​ម្នាក់ តែ​​ក្មេង​ប្រុស​នោះ​មិន​ព្រម​ទទួល​នោះ​ទេ។

ពេល​ជូន​ក្មេង​ប្រុស​នោះ​ទៅ​ដល់​គេហដ្ឋាន នៅ​មាត់​របង​ផ្ទះ​ទើប​បុរស​នោះ​ត្រលប់​មក​វិញ ហើយ​គាត់​ដឹង​ថា ​ក្មេង​នោះ​ជា​កូន​អ្នក​មាន​ម្នាក់ ហេតុនេះ​ហើយ​បាន​ជា​ក្មេង​ប្រុស​​មិន​ព្រម​ទទួល​យក​ចំណែក​ត្រី​ពី​គាត់។ រវាង​បុរស​ចំណាស់​ក្រ​តោកយ៉ាក និង ក្មេង​ប្រុស​អ្នក​មាន​នោះ ពួក​គេ​ឧស្សាហ៍​ជួប​គ្នា​ស្ទូច​ត្រី នឹង ​ដើរ​លេង​កំសាន្ដ​កន្លែង​ធម្មជាតិ​ផ្សេង​ៗ​ ពួក​គេ​រាប់អាន​គ្នា ទំនាក់ទំនង​គ្នា​​រហូត​ដល់​ក្មេង​ប្រុស​នោះ​រៀន​បញ្ចប់​សាល​​មហា​វិទ្យាល័យ។ នៅ​ថ្ងៃ​ទទួល​សញ្ញាប័ត្រ ក្មេង​ប្រុស​អ្នក​មាន​នោះ​ បាន​​អញ្ជើញ​ឪពុក​ម្ដាយ និង បុរស​ចំណាស់​នោះ​ចូលរួម​ផង​ដែរ។ ក្នុង​ពិធី​ទទួល​សញ្ញាប័ត្រ​នោះ​ ក្មេង​ប្រុស​អ្នក​មាន​បាន​ឡើង​ថ្លែង​ និង អំណរ​គុណ​ដល់​លោកគ្រូ អ្នកគ្រូ និង មិត្ត​រួម​ថ្នាក់​របស់​ខ្លួន ដោយ​មាន​មនុស្ស​អឺងកង​ទះ​ដៃ​អបអរ។

នៅ​នាទី​ចុង​ក្រោយ​នៃ​ការ​ថ្លែង​នោះ​ ក្មេង​ប្រុស​អ្នក​មាន​ ដែល​ទើប​តែ​ទទួល​បាន​ជោគជ័យ​បាន​ថ្លែង​ថា​ “គ្រប់​យ៉ាង​ដែល​ខ្ញុំ​ទទួល​បាន គ្រប់​យ៉ាង​ដែល​អ្នក​ទាំង​អស់​គ្នា​មាន​ឱកាស បណ្ដុះបណ្ដាល អប់រំ​ខ្ញុំ​ គ្រប់​យ៉ាង​ដែល​អ្នក​ទាំង​អស់​គ្នា​ឃើញ​ខ្ញុំ​ទទួល​បាន​ជោគជ័យ គ្រប់​យ៉ាង​ដែល​ខ្ញុំ​មាន​ពេលវេលា​ហាត់​ពត់​លត់​ដំ​ខ្លួន រហូត​បាន​ក្លាយ​ជា​​និស្សិត​ពេទ្យ​​​ ចំណាត់​ថ្នាក់​លេខ​មួយ​ម្នាក់ តាម​ការ​ពិត​កើត​ឡើង​ដោយសារ​ការ​សង្គ្រោះ ការ​សង្គ្រោះ​ដ៏​មាន​តំលៃ​មហិមា​ ការ​សង្គ្រោះ​ជីវិត ជីវិត​ត្រូវ​បាន​សង្គ្រោះ​ដោយ​ស្នាម​ញញឹម ដោយ​បុរស​ដែល​ពោរពេញ​ដោយ​ក្ដី​សង្ឃឹម និង ញញឹម​មិន​ចេះ​រីងស្ងួត”។ ក្រោយ​ពេល​ថ្លែង​ចប់ និស្សិត​ពេទ្យ​ម្នាក់​នេះ បាន​រត់​មក​អោប​បុរស​ចំណាស់​តោកយ៉ាក ទាំង​ទឹកភ្នែក​ហូរ​សស្រាក់​លើ​ផែន​ថ្ពាល់។
អស់​រយៈពេល​ ១៥ ឆ្នាំ​មក​នេះ​ទី​បំផុត ចម្ងល់​ដែល​មាន​ក្នុង​ចិត្ត បុរស​ចំណាស់​ ទាក់ទង​នឹង​ក្មេង​ប្រុស​ម្នាក់​នេះ អោប​សៀវភៅ​ច្រើន​ក្រាស់ក្រែល​នៅ​ក្នុង​ដៃ ត្រលប់​មក​ផ្ទះ​វិញ​នៅ​ល្ងាច​មួយ​​នោះ​ត្រូវ​បាន​ស្រាយ តាម​ពិត​ក្មេង​ប្រុស​នេះ ​​លែង​មាន​បំណង​ទៅ​រៀន​ទៀត​ហើយ ហើយ​មិន​ចង់​អោយ​ឪពុក​ម្ដាយ​លំបាក ក្នុង​ការ ​ទៅ​យក​សៀវភៅ​​ពី​សាលារៀន​មក​វិញ ​​ព្រោះ​ខ្លួន​​មាន​បំណង​សំលាប់​ខ្លួន​ឯង​នៅ​ពេល​ទៅ​ដល់​ផ្ទះ​នៅ​ល្ងាច​នោះ ព្រោះ​តែ​ឪពុក​ម្ដាយ​ដ៏​មាន​ទ្រព្យ​នោះ តែងតែ​បង្ក​ជម្លោះ និង ហិង្សា​ជាមួយ​គ្នា​រៀងរាល់​ថ្ងៃ។
ប្រភព៖varychin.com

No comments