សូមបងប្អូនកុំមានការភ្ញាក់ផ្អើលអី! បើមានការចល័តគ្រឿងចម្បាំង ពីថ្ងៃ១៥-៣០មីនា
យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការដឹកនាំធ្វើលំហាត់រួមគ្នារវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នៃក្រសួងមហាផ្ទៃ ដែលត្រូវបានផ្សព្វផ្សាយ នៅថ្ងៃទី០៧ ខែមីនា បានប្រាប់ដល់ប្រជាពលរដ្ឋ កុំឲ្យការភ្ញាក់ផ្អើលចំពោះសំឡេងស្នូរផ្ទុះ និងការចល័តយុទ្ធោបករណ៍យោធា ចន្លោះពីថ្ងៃទី១៥ ដល់៣០ ខែមីនា។
ការចល័តនេះគឺដើម្បីត្រៀមខ្លួនធ្វើសមយុទ្ធនាគមាសឆ្នាំ២០១៨ រវាងកងទ័ពកម្ពុជា និងចិន ដែលត្រូវរៀបចំនៅភូមិសាស្ត្រតំបន់ភ្នំធំ ម្រះព្រៅ ភូមិថ្លុកដូនស ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ដើម្បីសុវត្ថិភាពគណៈកម្មការដឹកនាំលំហាត់ សំណូមពរដល់រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល និងអាជ្ញាធរដែនដីដែលមានការពាក់ព័ន្ធ ផ្សព្វផ្សាយព័ត៌មានអំពីលំហាត់បាញ់គ្រាប់ពិតនេះ និងហាមឃាត់ដល់ប្រជាពលរដ្ឋមិនឲ្យចូលទៅក្នុងតំបន់នោះឡើយ។
បើតាមលោក ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ បានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីពេលកន្លងទៅថា សមយុទ្ធយោធានេះ នឹងប្រើប្រាស់សព្វាវុធទំនើបៗដូចជា ឧទ្ធម្ភាគចក្រ Z10 បំពាក់កាំជ្រួចបាញ់ចំគោលដៅ កាំភ្លើងត្បាល់ចូលគោលដៅដែលបានកំណត់ និងរថពាសដែកផងដែរ។ ក្នុងសមយុទ្ធនេះ ភាគីកម្ពុជា មានកងទ័ពចំនួន ២៨០នាក់ ខណៈភាគីចិន មានចំនួន ១៩០នាក់៕






Post a Comment