រន្ធត់ណាស់ ! កូនស្រីយំបោកខ្លួន ព្រោះឪពុក ជិះម៉ូតូបុកគូទរថយន្តបាក់កស្លាប់
ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូ១គ្រឿង បោះពួយយ៉ាងលឿន ដូចហោះ ខ្វះការប្រុងប្រយ័ត្ន ជ្រុលបុករថយន្តធុនធំដឹកដែកចតនៅចិញ្ចើមផ្លូវពីក្រោយកបានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ដែលហេតុការណ៍នេះ បានកើតឡើងនៅត្រង់ចំណុចជិតវិតណាយក្លឹប ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨។
ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍នេះ មានឈ្មោះវ៉េង សម្បត្តិ ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរតន្ត្រីករ ទីលំនៅបច្ចុប្បននៅក្នុងភូមិសាមគ្គី៤ សង្កាត់ត្រពាំងសាំង ខណ្ឌពោធិ៍សែនជ័យ និងស្រុកកំណើតនៅភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូម៉ាកគុបជ្រុង ពណ៌ទឹកសមុទ្រ មានស្លាកលេខ T-0989- ភពធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន។ លុះមកដល់កន្លែងកើតហេតុខាងលើ ខ្វះការប្រុងប្រយ័ត្ន ក៏បុករថយន្តធុនធំដឹកដែក
ម៉ាកកាំម៉ាស់ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3C-7333 កំពុងចតស្ងៀមនៅជាប់ចិញ្ចើមផ្លូវពេញទំហឹង បណ្តាលឱ្យបែកក្បាលបាក់កស្លាប់ភ្លាមៗ ក្នុងថ្លុកឈាមគួរឱ្យអណោចអាធ័ម។ ចំណែកម៉ូតូរងកាខូចខាតផ្នែកខាងមុខបន្ទិចបន្តួច។ ចំណែកតែកុងរថយន្តបានរត់បាត់ ស្រមោល ព្រោះយកសភាពមិនស្រួលខ្លាចមហាជនផ្ទុះកំហឹង ព្រួតវាយសម្លាប់។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏ចុះមកអន្តរាគមន៍ ទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង មកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សារទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការដាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយជាមួយក្រុមគ្រួសារជនរងគ្រោះតាមផ្លូវច្បាប់នៅពេលក្រោយ។ ចំណែកសពជនរងគ្រោះត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុក៏ប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅតាមប្រពៃណី៕
Post a Comment