គ្រាន់តែឃើញសិស្សប្អូនផ្ដួល ធឿន ធារ៉ា ត្រឹមទឹកទី២ សែនស្ថាន ចេញសារមួយឃ្លាទាំងយប់
ក្រោយការប្រកួតកីឡាករជួរមុខកម្ពុជា ធឿន ធារ៉ា បានសន្លប់ត្រឹមទឹកទី២ ក្រោមស្នាដៃអ្នកលេងកណ្ដាប់ដៃ Kitti ដែលជាសិស្សប្អូនរបស់កីឡាករពូកែវោហារ សែនស្ថាន លើសង្វៀន Max Muay Thai។ ក្រោយចប់ការប្រកួត កីឡាករ សែនស្ថាន បានបង្ហោះលើទំព័រFacebook របស់ខ្លួននូវរូបភាព ២សន្លឹក ដែលមួយសន្លឹកបង្ហាញពីកីឡាករថៃ ៥រូប មានជាប់ទាំងរូបគេ និងកីឡាករ Kitti ឯមួយសន្លឹកទៀត គឺរូបកីឡាករ ធឿន ធារ៉ា សន្លប់លើសង្វៀន និងសរសេរអមថា «แบบนี้ยังอยากจะเจอ #Saensatarn อยู่มั่ยครับ» ដែលមានន័យថា «តើអ្នកនៅតែចង់ឃើញ សែនស្ថាន ទៀតអត់?»។
ការប្រកួតយ៉ាងស្វិតស្វាញមុននេះបន្តិច គេឃើញកីឡាករជើងខ្លាំងកម្ពុជា ធឿន ធារ៉ា បានព្យាយាមវាយសម្រុកយ៉ាងខ្លាំងក្នុងទឹកទី១ ដោយប្ដូរទាំងកណ្ដាប់ដៃ និងប្រើកែងជាច្រើនដង ដាក់សម្ពាធយ៉ាងខ្លាំងទៅលើកីឡាករថៃ Kitti Taksinrayong school ដែលជាម្ចាស់ខ្សែក្រវាត់នៅសង្វៀននេះ។ ប៉ុន្តែចូលដល់ទឹកទី២ ធឿន ធារ៉ា ហាក់ថមថយកម្លាំងយ៉ាងខ្លាំង បូករួមទាំងកណ្ដាប់ដៃ និងកែងចូលមកសន្ធាប់ផងនោះ ក៏ត្រូវអាជ្ញាកណ្ដាលរាប់ ២លើក និងបញ្ឈប់ការប្រកួតនៅលើកទី២ តែម្ដង។
ការប្រកួតនេះ អ្នកគាំទ្រកម្ពុជា សង្ឃឹមថា ធឿន ធារ៉ា អាចឈ្នះ ដើម្បីមានឱកាសប៉ះជាមួយ សែនស្ថាន ដែលល្បីថាពូកែសម្ដី បោះពាក្យមកកីឡាករកម្ពុជាកាលពីប៉ុន្មានថ្ងៃមុន។ ទោះយ៉ាងណាក្ដី ឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា ធ្លាប់ណែនាំកីឡាករទាំងអស់ កុំឲ្យឆ្លើយតបទៅកីឡាករថៃ សែនស្ថាន នោះ និងចាត់ទុករូបគេថាគ្មានចិត្តជាអ្នកកីឡាឡើយ ទើបហ៊ានឡកឡឺយបែបនេះ




Post a Comment