នាយករដ្ឋមន្ត្រីបញ្ជាឲ្យនាំខ្លួន ហ៊ុន ជា ទៅតុលាការ រឿងបាញ់ជាង១០គ្រាប់ យប់មិញ
ភ្នំពេញ ៖ ក្មួយប្រុសបង្កើតនាយករដ្ឋមន្ត្រី គឺឧត្តមសេនីយ៍ផ្កាយ៣ ហ៊ុន ជា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំទៅធ្វើការសាកសួរនៅក្រសួងមហាផ្ទៃ តាមបញ្ជារបស់សម្ដេចនាយករដ្ឋមន្ត្រីហើយ ហើយនឹងត្រៀមបញ្ជូនទៅតុលាការ នៅរសៀលថ្ងៃពុធនេះ បន្ទាប់ពីបាញ់ប្រមាណជាង១០គ្រាប់ កាលពីយប់មិញ ។ នេះបើតាមប្រភពពីអង្គភាពសារព័ត៌មាន Cam Post បានចុះផ្សាយនៅថ្ងៃទី២ ឧសភា នេះ។
ប្រភពច្បាស់ការមួយពីក្រសួងមហាផ្ទៃបង្ហើបប្រាប់ឲ្យដឹងថា លោក ហ៊ុន ជា ត្រូវបាននាំខ្លួនទៅសួរនាំនៅក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី២ ខែឧសភានេះ តាមបញ្ជាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលជាឪពុកមា ។ លោក ហ៊ុន ជា ត្រូវបាននាំខ្លួនទៅសាកសួរនៅនាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បន្ទាប់ពីបានបង្កការបាញ់បោះប្រមាណជាង១០គ្រាប់ កាលពីយប់ថ្ងៃអង្គារម្សិលមិញនេះ បង្កការភ្ញាក់ផ្អើលពេញទឹកដីខណ្ឌដូនពេញ ប៉ុន្តែក៏ស្ងប់ស្ងាត់ទៅវិញ សូម្បីអាជ្ញាធរមានសមត្ថកិច្ច បានត្រឹមឈរមើលពីចម្ងាយ ។
ប្រភពបន្តថា ករណីផ្ទុះអាវុធជាច្រើនគ្រាប់នេះ ផ្ដើមចេញពីជម្លោះក្នុងគ្រួសារ ធ្វើឲ្យលោក ហ៊ុន ជា ទប់កំហឹងមិនបាន ទើបបាញ់ឡើងលើជាច្រើនគ្រាប់តែម្ដង។ ហើយករណីនេះ មិនបង្កឲ្យនរណាម្នាក់ រងគ្រោះថ្នាក់នោះទេ។
សូមបញ្ជាក់ថា រឿងហេតុនេះត្រូវបានសារព័ត៌មានខាងលើចុះផ្សាយថា ទាំងចៅហ្វាយខណ្ឌ និងកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ មានប៉េអឹម និងប៉ូលិស ត្រូវបានគេរាយការណ៍មកថា បានត្រឹមឈរមើលពីចម្ងាយ មិនហ៊ានចូលទៅកន្លែងកើតហេតុ បន្ទាប់ពីមានករណីផ្ទុះអាវុធប្រមាណជាង១០គ្រាប់ ហើយក៏ស្ងប់ស្ងាត់ទៅវិញ ។
បើតាមសេក្ដីរាយការណ៍ មានករណីផ្ទុះអាវុធជាច្រើនគ្រាប់ជាប់ៗគ្នាតែម្ដង ចេញពីផ្ទះលេខ១១ បើកអាជីវកម្មវេរលុយយីហោ True Money នៅតាមបណ្ដោយផ្លូវ១០៨ កែងផ្លូវ៥១ ស្ថិតក្នុងភូមិ១១ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅម៉ោងប្រមាណ១០និង២០នាទីយប់ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ ។
អ្វីដែលជាការចាប់អារម្មណ៍នោះ ក្រោយពីឮសំឡេងគ្រាប់កាំភ្លើងផ្ទួនៗ គេសង្កេតឃើញវត្តមានលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងកងកម្លាំងសមត្ថកិច្ចមូលដ្ឋាន មានទាំងកម្លាំងនគរបាលខណ្ឌដូនពេញ និងទាំងកម្លាំងអាវុធហត្ថខណ្ឌដូនពេញ បានចុះទៅក្បែរកន្លែងកើតហេតុភ្លាមៗដែរ ប៉ុន្តែដូចជាមិនហ៊ានចូលទៅសាកសួរ និងរំខានផ្ទះកើតហេតុនោះទេ បានត្រឹមតែដឹង និងឈរមើលពីចម្ងាយប៉ុណ្ណោះ ។
ករណីផ្ទុះអាវុធ ជនបង្កបាញ់លើសពី១០គ្រាប់ «អង្រុត»មិនអាចសុំការពន្យល់ពីលោក ហ៊ុន ជា បាននៅឡើយទេ ។
មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ លោក ថោង ពិសិដ្ឋ បានបដិសេធមិនធ្វើការអត្ថាធិប្បាយណាមួយជុំវិញហេតុការណ៍ខាងលើនេះ ដោយលោកអះអាងថា បានសុំច្បាប់ទៅធ្វើបុណ្យនៅខេត្ត ។ លោកមិនបានដឹងនោះទេ ។
ទោះបីជាបែបណា វរសេនីយ៍ឯក ហួត ចាន់យ៉ារ៉ាន់ អធិការនគរបាលខណ្ឌដូនពេញ បានទទួលស្គាល់ថា ពិតជាមានករណីបាញ់បោះសេរីនៅចំណុចកើតហេតុខាងលើប្រាដមមែន ។ ប៉ុន្តែលោកមិនបញ្ជាក់ពីអត្តសញ្ញាណជនបង្កឡើយ ។ លោកបញ្ជាក់យ៉ាងដូច្នេះថា “ណាគេហ៊ាន សួរដូចពើចឹង” ៕
ប្រភព៖angrut.com
Post a Comment