គ្រូទាយបោកប្រាស់បានជាច្រើននាក់ អស់លក្ខត្រឹមបុគ្គលិកធនាគារឈរមើលឃើញល្បិច
រាជធានីភ្នំពេញ ៖ រឿងរ៉ាវមួយបានកើតឡើងនិងគួរឱ្យហួសចិត្ត
បន្ទាប់ពីស្ត្រីចំណាស់ម្នាក់រួមនឹងកូនស្រីម្នាក់ផង
បានជឿជាក់យ៉ាងងប់ងុលទៅលើស្ត្រីជាគ្រូទាយកំពូលបោកម្នាក់
រហូតអស់លុយជាង១ម៉ឺនដុល្លារ ទើបភ្ញាក់ខ្លួន
ប្ដឹងនគរបាលឲ្យជួយឃាត់ខ្លួន គ្រូទាយបោកប្រាស់ម្នាក់នោះចាត់ការតាមផ្លូវច្បាប់ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី០២ ខែកក្កដា នៅភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ប្ដឹងនគរបាលឲ្យជួយឃាត់ខ្លួន គ្រូទាយបោកប្រាស់ម្នាក់នោះចាត់ការតាមផ្លូវច្បាប់ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី០២ ខែកក្កដា នៅភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
គ្រូទាយស្រីម្នាក់នេះតាមប្រភពព័ត៌មានថា
ធ្លាប់បោកគេជាច្រើននាក់មកហើយ និងមិនត្រឹមតែប្រជាពលរដ្ឋសាមញ្ញទេ
សូម្បីមន្ត្រីនគរបាលនិងកងរាជអាវុធហត្ថក៏ធ្លាប់ត្រូវបោកយ៉ាងស្អាតផងដែរ
។ ក្រោយពីចាប់ខ្លួន
ក៏មានអ្នកធ្លាប់ចាញ់បោកបានទៅដាក់ពាក្យបណ្ដឹងជាបន្តបន្ទាប់ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីជាគ្រូទាយម្នាក់នេះ ឈ្មោះ
កាំង បៀង អាយុ៣៥ឆ្នាំ រស់នៅក្នុងភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប
មានស្រុកកំណើតភូមិព្រៃខ្លា ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ ។
ចំណែកជនរងគ្រោះដែលចាញ់បោកគ្រូទាញត្បាញអាយនេះ ម្តាយឈ្មោះ រិទ្ធ
ទូច អាយុ៥៥ឆ្នាំ មុខរបរលក់បាយ និងកូនស្រីឈ្មោះ សុខ ចាន់ណា
អាយុ៣៥ឆ្នាំ បានខាតបង់លុយអស់ចំនួន១៦.០០០ដុល្លារអាមេរិក ។
តាមដំណើររឿងនៃការឆបោកនេះត្រូវបានឱ្យដឹងថា
ស្ត្រីជាម្ដាយដែលមានជំងឺ កាលពីថ្ងៃទី២៩ ខែមិថុនា កន្លងមក
ពីរនាក់កូនស្រីបានទៅរកស្ត្រីជាគ្រូទាយម្នាក់នេះឱ្យជួយទស្សន៍ទាយអំពីការងាររកស៊ី
និងការដែលចង់លក់ផ្ទះនិងដី ព្រមទាំងមើលពីជំងឺម្ដាយផងដែរ ។
ពេលទៅជួបនោះ គ្រូទាយបោករូបនេះបានប្រាប់ថា
មិនចាំបាច់លក់ផ្ទះទេពីព្រោះផ្ទះនោះមានកំណប់ មានលាភសំណាងធំ
ហើយជំងឺក៏រលាយទៅតាមនោះដែរ បើលក់ប្រយ័ត្នខាតបង់កំណប់ប៉ុនដូងទុំ
។
ខណៈនោះ ពីរនាក់ម្ដាយកូនត្រេកអរខ្លាំងណាស់
នៅពេលឮថានៅក្នុងផ្ទះរបស់ខ្លួនមានកំណប់ធំបែបនេះ ។
បន្ទាប់មកនៅថ្ងៃទី៣០ ខែមិថុនា លោកតាម្នាក់ឈ្មោះ កែវ ចន
អាយុ៧០ឆ្នាំ ដែលត្រូវជាប្ដីនិងជាឪពុករបស់ស្ត្រីទាំង២នាក់
ក៏បានជីករកកំណប់នៅខាងក្រោយផ្ទះ
តាមអ្វីដែលគ្រូទាយម្នាក់នោះប្រាប់
ហើយគ្រូទាយក៏បានស្ថិតនៅទីនោះដែរ ។
ប៉ុន្តែមុននឹងជីកបានតម្រូវឲ្យជនរងគ្រោះរៀបចំដាក់រណ្ដាប់
សម្រាប់ថ្វាយគ្រូចំនួន៧.០០០ដុល្លារ
ដោយគិតទៅតាមអាយុរបស់លោកតាដែលជាប្ដីនិងជាឪពុក ។
ប្រភពដដែលបន្តថា ដោយសារតែមានការជឿជាក់ទៅលើគ្រូទាយយ៉ាងងប់ងុលនោះ
ទើបសុខចិត្តប្រគល់លុយឲ្យគ្រូទាយដោយមិនបានគិតថាជារឿងបោកប្រាស់នោះទេ
ប៉ុន្តែពេលជីករកចង់ខ្សោះខ្យល់ទៅហើយនៅតែរកពុំឃើញមានកំណប់អ្វីឡើយ
ហើយគ្រូទាយបានប្រាប់ថា ចាំថ្ងៃបន្ទាប់ចាំជីកទៀត ។
លុះមកដល់ថ្ងៃទី០១ ខែកក្កដា ក៏បាននាំគ្នាជីកបន្តទៀត
ហើយខណៈនោះគ្រូទាយខាងលើបានតម្រូវឲ្យជនរងគ្រោះទាំងបីនាក់ ប្ដី
ប្រពន្ធ និងកូនស្រី បូកអាយុចូលគ្នា ឃើញ១៦០ឆ្នាំ
ហើយគ្រូទាយបានបង្គាប់ឲ្យដាក់លុយរណ្ដាប់គ្រូបន្ថែមចំនួន៩.០០០ដុល្លារទៀត
សរុបទាំងមុននិងក្រោយគឺចំនួន១៦.០០០ដុល្លារ
តម្រូវទៅតាមអាយុអ្នកទាំងបីនាក់នោះបូកបញ្ចូលគ្នា
បន្ទាប់មកទើបគ្រូទាយរូបនោះ ឲ្យជនរងគ្រោះជីករកកំណប់បន្តទៀត ។
ប្រភពខាងលើបន្តទៀតថា
ក្រោយពីដាក់រណ្ដាប់បន្ថែមនិងមានការអនុញ្ញាតឲ្យជីកពីសំណាក់គ្រូទាយខាងលើ
ជនរងគ្រោះបានចាប់ផ្ដើមជីកដោយមិនបានគិតពីការនឿយហត់ឡើយ
ព្រោះរំពឹងលើកំណប់មហាសាល ។ មិនយូរប៉ុន្មាន
ក៏បានប្រទះឃើញរូបចម្លាក់ត្រីរ៉ស់ចំនួនពីរក្បាលធ្វើពីលោហធាតុ
ដែលទំនងគ្រូទាយនោះយកទៅកប់លាក់ទុកក្នុងដីត្រង់កន្លែងជីកកំណប់នោះជាមុនរួចស្រេចទៅហើយ។
ពេលបានឃើញហើយ គ្រូស្រីនោះប្រាប់ថា នេះហើយគឺជាកំណប់
ខណៈនោះជនរងគ្រោះមានការត្រេកអរណាស់
ហើយគ្រូទាយបានបង្គាប់ឲ្យជនរងគ្រោះយករូបចម្លាក់ត្រី
ទៅដាក់ត្រាំទឹកអាស៊ីត ។
ប៉ុន្តែខណៈពេលកំពុងត្រាំរូបចម្លាក់ត្រីក្នុងទឹកអាស៊ីត
មានបុរសម្នាក់ឈ្មោះ សន កែវ អាយុ២៤ឆ្នាំ
ជាបុគ្គលិកធនាគារមួយបានទៅមើលដែរ ហើយឃើញសកម្មភាពបែបនេះ
យល់ថាក្រុមគ្រួសារខាងលើកំពុងតែចាញ់បោកគ្រូទាយម្នាក់នោះ
ក៏បានប្តឹងសមត្ថកិច្ចនគរបាលឲ្យជួយអន្តរាគមន៍
ចុះទៅឃាត់ខ្លួនជនសង្ស័យរូបនេះតែម្តង
ទើបក្រុមគ្រួសារខាងលើភ្ញាក់ខ្លួនថាចាញ់បោកគ្រូស្រីនេះ ។
មន្ត្រីនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា
គ្រូទាយបោកប្រាស់ម្នាក់នេះបានត្រូវឃាត់ខ្លួន
បន្ទាប់ពីបោកលុយជនរងគ្រោះខាងលើអស់១៦.០០០ដុល្លារ
ហើយក្រោយពេលឃាត់ខ្លួន
មិនបានដកហូតលុយដែលបាត់បង់នោះជូនជនរងគ្រោះវិញឡើយ
ព្រោះជនសង្ស័យបានយកទៅចាយវាយអស់ទៅហើយ ។
មានជនរងគ្រោះច្រើននាក់ទៀត ដែលធ្លាប់ចាញ់បោកជននេះ
បានទៅដាក់ពាក្យប្ដឹងក្នុងនោះមានម្នាក់អះអាងថា
ធ្លាប់ចាញបោកស្ត្រីរូបនេះអស់ចំនួន១២.០០០ដុល្លារ
ដោយវិធីបោកគឺប្រើស្ទីលតែមួយ ដូចជាពេលនេះដែរ ។
ជនសង្ស័យត្រូវបានសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ៕
ជនសង្ស័យត្រូវបានសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ៕
ប្រភព ៖ everyday
Post a Comment