Header Ads

ភ្ជង់ប្លន់ទូរស័ព្ទស្រីក្រមុំ បង្ខំឱ្យ់ស្រាតខោអាវប៉ងរំលោភ



ខេត្តបាត់ដំបង ៖ បុរសម្នាក់ឃើញនារីវ័យក្មេងដើរតែម្នាក់ឯងនៅពេលយប់ ក៏ធ្វើសកម្មភាពចាប់ក្រៀក រួចយកសំបកកំប៉ុងបត់ធ្វើជាកាំបិតភ្ជង់កគំរាមប្លន់យកទូរស័ព្ទ លុះបានទូរស័ព្ទហើយ ឃើញនារីរងគ្រោះមានសាច់សខ្ចីគួរឱ្យគ្រឺតខ្នាញ់ ក៏បែកគំនិតប៉ងរំលោភថែមទៀត ដោយ គំរាមឱ្យនារីរងគ្រោះដោះខោអាវចេញ តែសំណាងល្អត្រូវបានអ្នកភូមិប្រទះឃើញទាន់ ទើបជនសង្ស័យមិនអាចសម្រេចបំណង ក៏រត់គេចខ្លួនបាត់។
ករណីប្រុសព្រានប្លន់យកបានទូរស័ព្ទហើយនៅមិនអស់ចិត្ត ថែមទាំងប៉ងប្លន់យកព្រហ្មចារីកូនក្រមុំដែលទើបពេញវ័យជំទង់គេទៀតនេះ បានកើតឡើង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៤ មករា នៅចំណុចភូមិអូរតាប៉ុន ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ជនសង្ស័យបានប្រព្រឹត្តបទល្មើសខាងលើ មានឈ្មោះម៉ុង ចំរើន អាយុ៣៥ឆ្នាំ មុខរបរកម្មករធ្វើការ និងស្នាក់នៅបណ្តោះអាសន្នក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកនារីវ័យជំទង់ជាជនរងគ្រោះ មានអាយុ២១ឆ្នាំ មានលំនៅភូមិឃុំកើតហេតុខាងលើជាមួយគ្នានិងមានទីកន្លែងស្នាក់នៅជិតគ្នាទៀតផង។
តាមសម្តីនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ខណៈដែលនាងកំពុងដើរតាមផ្លូវតែម្នាក់ឯង ស្រាប់តែលេចមុខជនសង្ស័យឈ្មោះម៉ុង ចំរើន បានចេញមកចាប់ក្រៀកនាងជាប់ហើយយកវត្ថុស្រួចភ្ជង់កនាងជាប់ រួចសំឡុតឱ្យនាងប្រគល់ទូរស័ព្ទឱ្យទៅគេ។លុះពេលនាងព្រមប្រគល់ទូរស័ព្ទឱ្យហើយ ជនសង្ស័យបែរជាមានគំនិតអាក្រក់ប៉ងរំលោភនាងថែមទៀត ដោយបានបង្ខំឱ្យនាងដោះសម្លៀកបំពាក់ចេញទៀត ប៉ុន្តែសំណាងល្អ ភ្លាមៗនោះមានអ្នកភូមិមកទាន់ ទើបជនសង្ស័យយកបានតែទូរស័ព្ទ រួចរត់គេចខ្លួនបាត់ទៅ។ ចំណែកនាងបានប្រាប់ឱ្យអ្នកភូមិជួយរាយការណ៍ប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍ភ្លាមៗផងដែរ។
សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ក្រោយទទួលបានពាក្យបណ្តឹងពីនារីរងគ្រោះ សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវភ្លាមៗ និងបានដឹងថា ជនសង្ស័យបានប្រើប្រាស់សំបកកំប៉ុងគោជល់ បត់ធ្វើជាវត្ថុរឹងស្រួច រួចយកទៅភ្ជង់កនារីរងគ្រោះ ហើយសម្លុតយកទូរស័ព្ទ១គ្រឿង iPhone 5S ពណ៌មាស ហើយគេចខ្លួនមករោងស្នាក់នៅចម្ងាយពីកន្លែងកើតហេតុប្រហែល១គីឡូម៉ែត្រ ហើយភ្លាមនោះ សមត្ថកិច្ចបានចុះ ឃាត់ខ្លួនជនសង្ស័យទាំងយប់ ដើម្បីនាំមកសួរនាំ។ លុះនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ សមត្ថកិច្ចក៏នាំជនសង្ស័យទៅចង្អុលបង្ហាញទូរស័ព្ទដែលជនសង្ស័យប្លន់បានពីនារីរងគ្រោះ រួចយកទៅលាក់ទុកនៅលើចុងត្នោត។
លោកជេត វណ្ណនី ស្នងការរងនគរបាលខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់ថា សកម្មភាពជនសង្ស័យខាងលើ មានចរិតឃោឃៅណាស់ ដែលប្រើវត្ថុមុតស្រួចភ្ជង់ប្លន់យកទូរស័ព្ទពីនារីរងគ្រោះ ហើយថែមទាំងមានចេតនាចង់ចាប់នារីរងគ្រោះរំលោភទៀត តែសំណាងល្អពេលនោះ មានអ្នកភូមិដឹងទាន់ បើមិនដូច្នេះទេនារីរងគ្រោះប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរជាមិនខាន៕






No comments