Header Ads

ត្អូញឈឺធ្មេញ​ច្រើន​ថ្ងៃ អត់បាន​ទៅពេទ្យ បែរជួប​រឿង​អកុសល​ហួសស្មាន

នារី​ជនជាតិ​ថៃ​ដ៏​ស្រស់​ស្អាត​ម្នាក់​ បាន​​ឈឺ​ធ្មេញ​ជា​ច្រើន​ថ្ងៃ​មិន​បាន​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម​ៗ​ទេ ដល់​ពេល​​មុខ​ឡើង​ហើម ក៏​សម្រេច​ទៅ​ជួប​គ្រូពេទ្យ ពេទ្យ​រក​ឃើញ​ថា នាង​មាន​ជំងឺ​មហារីក​ថ្គាម​កាច​សាហាវ​រហូត​ប៉ោង​​ថ្ពាល់​ម្ខាង​ចំណាំ​លែង​ស្គាល់។

នារី​អភ័ព្វ​មាន​ឈ្មោះ Jenie Yoo អាយុ ២៨​ឆ្នាំ​ បាន​ឈឺ​ចុក​ចាប់​តាំង​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៥ និង​បាន​ឲ្យ​គ្រូពេទ្យ​ព្យាបាល​នៅ​ខែ​មិនា ឆ្នាំ ២០១៦ ប៉ុន្តែ​សាច់​ដុះ ចាប់​ផ្ដើម​រីក​ធំ​ឡើង​ៗ​នៅ​ថ្ពាល់​ខាង​ស្ដាំ។
ជំងឺ​មហារីក​​ចាប់​ផ្ដើម​រីក​ដុះ​ដាល​កាន់តែ​​ខ្លាំង​ បន្ទាប់​ពី​ព្យាបាល​នៅ​ដើម​ឆ្នាំ ២០១៧​នេះ​ដែល​ជា​ការ​ឧបត្ថម្ភ​ពី​សប្បុរសជន​​អាណិត​អាសូរ​នាង​ជា​ច្រើន​នាក់​។ អ្វី​ធ្វើ​ឲ្យ​នាង​ដេក​សម្រក់​ទឹក​ភ្នែក​រាល់​ថ្ងៃ ​គឺ​នៅ​ខែ​មិថុនា​ថ្មី​ៗ​នេះ ​ដុំ​មហារីក​រីក​ធំ​ប៉ោង​ខ្លាំង​មែន​ទែន ហើម​មុខ ​ហើម​មាត់​ធ្វើ​ឲ្យ​ចេញ​ឈាម​តាម​ច្រមុះ​រាល់​ថ្ងៃ ​ឯ​ធ្មេញ​ចាប់​ផ្ដើម​ជ្រុះ​ម្ដង​មួយ​ៗ​គួរ​ឲ្យ​សង្វេគ។
ដោយ​សារ​តែ​ស្ថាន​ភាព​ជំងឺ​គ្មាន​ថ្ងៃ​ធូរស្បើយ នាង Yoo ​ត្រូវ​គេ​រំពឹង​ថា​ មិន​អាច​រស់​នៅ​បាន​យូរ​ទៀត​ទេ គឺ​រង់​ចាំ​តែ​ថ្ងៃ​ផុត​រលត់​សង្ខារ​មក​ដល់ ព្រោះ​នាង​មិន​អាច​និយាយ​ស្រួល​ ញ៉ាំ​អាហារ​និង​ដេក​លើ​គ្រែ​មួយ​កន្លែង​ក្នុង​ទីក្រុង​បាង​កក ប្រទេស​ថៃ។
នាង​ប្រឹង​​និយាយ​ទាំង​​អួល​ដើម​ក​ថា «​ខ្ញុំ​មាន​អារម្មណ៍​ថា​ ខ្ញុំ​ដូច​ជា​មនុស្ស​ជិត​ស្លាប់ ​ខ្ញុំ​ឈឺ​ចុក​ចាប់​ខ្លាំង​ណាស់ ហើយ​​ប្រកាច់​ស្ទើរ​រាល់​ពេល។ ឪពុក​ម្ដាយ​របស់​ខ្ញុំ​មិន​អាច​​ដើរ​ឆ្ងាយ​ពី​ខ្ញុំ​បាន​ទេ ពួក​គាត់​នៅ​តាម​ជួយ​ខ្ញុំ​រហូត។ ខ្ញុំ​មិន​ដឹង​ថា​ខ្ញុំ​ធ្វើ​ខុស​អ្វី​ទេ បាន​គ្រោះ​ចង្រៃ​នេះ​កើត​ឡើង​ចំពោះ​ខ្ញុំ​ដូច្នេះ។ វា​ហួស​ពេល​ហើយ​ក្នុង​ការ​វះកាត់ ខ្ញុំ​មិន​ចង់​រំខាន​អ្នក​ជុំវិញ​ទៀត​ទេ ខ្ញុំ​ចង់​តែ​ស្លាប់​ឆាប់​​ៗ»។
ជា​​ការ​ដាស់​​តឿន​​ក្រើន​រម្លឹក​​​ស្មារតី បើ​បង​ប្អូន​មាន​បញ្ហា​អ្វី​ទាក់​ទង​នឹង​សុខភាព​មើល​មិន​ស្រួល រត់​ទៅ​ជួប​ពិគ្រោះ​យោបល់​ជា​មួយ​ពេទ្យ​ភ្លាម កុំ​ទុក​ឲ្យ​វា​វិវឌ្ឍ​ទៅ​ជា​ធ្ងន់​ធ្ងរ​មើល​លែង​ជា​ដូច​ករណី​ខាង​លើ៕



ប្រភព៖http://rikreay24.com/archives/5727

No comments