Header Ads

កាន់តែច្បាស់! រថភ្លើងពីភ្នំពេញ-ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងបាត់ដំបង-ស្វាយស៊ីសុផុន គ្រោងនឹងដាក់ដំណើការនាមុនពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ



នៅថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ (Royal Railway) និងភាគីពាក់ព័ន្ធ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និង ដឹកជញ្ជូន។



គោលបំណងនៃជំនួបនេះ គឺដើម្បីពិភាក្សារិះរកមធ្យោបាយពន្លឿនការដាក់ឱ្យដំណើរការសេវាដឹកជញ្ជូនអ្នកដំណើរប្រភេទនេះឱ្យបានលឿនតាមដែលអាចធ្វើទៅបាន នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ ដើម្បីរំដោះការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ ក៏ដូចជាពង្រឹងការដឹកជញ្ជូនតាមរថភ្លើងរបស់កម្ពុជាឡើងវិញផងដែរ។
ជាមួយគ្នានេះផងដែរ អង្គប្រជុំបានយល់ព្រមដោះស្រាយបញ្ហាមួយចំនួនរួមមាន៖ ការដាក់ឱ្យដំណើរការរថភ្លើងដែលមានស្រាប់របស់ក្រុមហ៊ុន ការរង់ចាំរថភ្លើងដែលកម្មង់ទិញពីប្រទេសមិចស៊ីចកូមកដល់ ការដោះស្រាយខ្លោងទ្វារវត្តនៅមុខព្រលានយន្តហោះមុនការដាក់ឱ្យដំណើរការ និងការលាបពណ៌ទូរថភ្លើង ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីអ្នកធ្វើដំណើរ និងការធ្វើផ្លូវកាត់មហាវិថីសហព័ន្ធរុស្សី។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈប្រតិភូក្រុមហ៊ុន និងភាគីពាក់ព័ន្ធ ដែលបានចូលរួមចំណែកជំរុញឱ្យគម្រោងនេះដំណើរការឆ្ពោះទៅមុខឆាប់រហ័ស។




ប្រភព៖ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport - MPWT

No comments