នារីវ័យក្មេងម្នាក់បានដើរទៅមើលចម្ការតែម្នាក់ឯង ត្រូវក្មេងស្ទាវល្មោភកាមចាប់អូសដៃចូលព្រៃធ្វើសកម្មភាពចាប់រំលោភយ៉ាងព្រៃផ្សៃ
ខេត្តរតនគិរី ៖ នារីវ័យក្មេងម្នាក់បានដើរទៅមើលចម្ការតែម្នាក់ឯង លុះដល់កន្លែងស្ងាត់ ស្រាប់តែលេចមុខក្មេងស្ទាវល្មោភកាមម្នាក់ បានចេញមកស្ទាក់ផ្លូវ រួចចាប់អូសដៃចូលព្រៃធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈរហូតដល់បានសម្រេច លុះនារីរងគ្រោះដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនជនល្មោភកាមបានភ្លាមៗ។
ករណីរំលោភសេពសន្ថវៈខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ នៅចំណុចអូរអញ្ជាន់ ស្ថិតនៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ។
ជនសង្ស័យល្មោភកាមដែលចាប់រំលោភកូនក្រមុំគេ មានឈ្មោះឃាន រដ្ឋា អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិឃុំកើតហេតុខាងលើ។ ចំណែកនារីរងគ្រោះ មានឈ្មោះម.ន អាយុ២២ឆ្នាំ មានលំនៅភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ។
តាមសម្តីនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ នាងបានដើរចេញពីផ្ទះនៅភូមិ១ សំដៅទៅមើលចម្ការនៅចំណុចអូរអញ្ជាន់ ស្ថិតក្នុងភូមិ៣។ លុះពេលនាងដើរតែម្នាក់ឯងទៅដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែលេចមុខជនសង្ស័យឈ្មោះឃាន រដ្ឋា បានចេញមកស្ទាក់ពីមុខនាង រួចក៏ធ្វើសកម្មភាពចាប់អូសដៃរបស់នាងចូលទៅក្នុងគុម្ពោតព្រៃ បន្ទាប់មកក៏ធ្វើសកម្មភាពចាប់សម្រាតខោអាវរបស់នាងចេញអស់ រួចក៏ចាប់នាងរំលោភទាំងកំរោល ទោះជានាងប្រឹងសំពះអង្វរយ៉ាងណា ក៏ជនល្មោភកាមនេះមិនព្រមស្តាប់សោះ ហើយពេលនោះ នាងក៏ប្រឹងស្រែកដែរតែត្រូវជនសង្ស័យចាប់ខ្ទប់មាត់ជាប់ ស្រែកមិនរួច ទីបំផុត ជនសង្ស័យក៏បានបំផ្លាញព្រហ្មចារីរបស់នាងគ្មានសល់។
នារីរងគ្រោះបន្តថា ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបានក្រោកដើរគេចចេញបាត់ ចំណែកនាងបានស្លៀកពាក់វិញ រួចត្រឡប់មកផ្ទះរៀបរាប់រឿងរ៉ាវឱ្យម្តាយបានដឹង រួចក៏នាំគ្នាទៅដាក់ពាក្យបណ្តឹង រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យបានភ្លាមៗផងដែរ។
លោកភោគ បូរិទ្ធ អធិការនគរបាលស្រុកកូនមុំ បានឱ្យដឹងថា បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកូនមុំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី៕
Post a Comment