នាង ប្រាក់គន្ធា បញ្ចេញចម្រៀងថ្មី បទ «កូនស្រី» ពិរោះខ្លាំងណាស់
(ភ្នំពេញ)៖ តារាចម្រៀងពន្លកថ្មី ដែលមានរូបសម្រស់ស្រស់ស្អាត សម្បុរខ្មៅស្រអែម ប្រចាំផលិតកម្មសាន់ដេ កញ្ញា នាង ប្រាក់គន្ធា ដែលពេលថ្មីៗនេះ បានចេញបទចម្រៀង មួយបទទៀតហើយ បន្ទាប់ពីចម្រៀងលើកមុន មានចំណងជើងថា «បេះដូងចេះស្រវឹង» ហាក់ដូចជាមានការគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជន រួចមកហើយ។
យ៉ាងណាមិញ បទថ្មីដែលទើបនឹងចេញរបស់នាង មួយបទទៀតនេះ ក៏មិនចាញ់បទមុនប៉ុន្មានដែរ ខណៈដែលបទថ្មី ដែលមានចំណងជើងថា «កូនស្រី» ទើបតែចេញសោះ ក៏មានអ្នកចូលទស្សនា យ៉ាងច្រើន ជាពិសេសនោះ ថែមទាំងមានការចែករំលែក ពេញបណ្ដាញសង្គម ទៀតផង ។
ជាការពិតណាស់ បទចម្រៀងដែលមានចំណងជើងថា «កូនស្រី» របស់កញ្ញា នាង គន្ធា ហាក់ដូចជាមានសន្ទុះ នៃការគាំទ្រខ្លាំងពីទស្សនិកជក។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះ បទនេះ គឺកម្សត់ ថែមទាំងមាន អត្ថន័យចាក់ដោត ដល់អារម្មណ៍អ្នកស្ដាប់ថែមទៀត ជាពិសេសនោះ គឺនាងហាក់ដូចជាច្រៀងរៀបរាប់ ពីជីវិតរបស់នាង ដែលជាកូនស្រីម្នាក់ ចាកចេញពីគ្រួសារទាំងវ័យក្មេង ទាំងអារម្មណ៍នៅខ្លាចគេ ប៉ុន្តែដើម្បីជីវិត កូនស្រីម្នាក់នេះ មិនដែលបោះបង់ការតស៊ូ និងរាថយឡើយ។
គួរបញ្ជាក់ថា នាង គន្ធា ជាអតីតបេក្ខនារីប្រឡង ក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodia Idol រដូវកាលទី២។ កញ្ញា នាង សុគន្ធា ដែលទើបតែ បានជ្រើសរើសចូលក្នុងផលិតកម្ម សាន់ដេ រយៈពេលខ្លី ប៉ុន្តែនាងមានទស្សនិកជន ពិសេសមិត្តយុវ័យស្គាល់ច្រើន ចំពោះការគាំទ្រវិញ ក៏មិនចាញ់តារាមុនៗ មួយចំនួនប៉ុន្មានដែរ៕




Post a Comment