ក្ដៅៗ! ដឹងការពិតរឿងចោរជិត៣០ទូកកាត់ស្ពានបាឡេដែក ទើបសម្ពោធហើយ
ភ្នំពេញ ៖ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី០៩ ឧសភា ២០១៨ នេះថា ការពិតមិនមែនចោរលួចកាត់ស្ពានបេឡេទេ ក្រុមនេះបានមកមុជទឹក ចូលទៅយកកំណាត់កម្ទេចដែក ដែលសេសសល់ ធ្លាក់ក្នុងទឹក ។ ទោះជាយ៉ាងណា សមត្ថកិច្ច បាននិងកំពុងធ្វើការងារនេះហើយ ។ លោកបានសង្កត់ធ្ងន់ថា ចំពោះស្ថាភាពស្ពាន និងគុណភាពស្ពាន នៅល្អដដែលទេ ។ មិនប៉ះពាល់អ្វីឡើយ។ ការចរាចរណ៍បានជាធម្មតាទេ ។
បើយោងប្រភពពី រដ្ឋបាលរាជធានីភ្នំពេញវិញ បានអះអាងថា ដោយទទួលបានព័ត៌មានពីករណីលួចកាត់យកដែកនៅក្រោមស្ពានបេឡេឫស្សីកែវ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨នេះ ក្រុមវិស្វករមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងវិស្វករការដ្ឋានរបស់ក្រុមហ៊ុន OCIC បានចុះពិនិត្យតួស្ពាននៅទីតាំងកន្លែងកើតហេតុ ឃើញថា មានករណីប្រជាពលរដ្ឋជិះទូក មកយកដែកដែលសេសសល់ពីការសំអាតការដ្ឋាន និងដែកការពារសុវត្ថិភាពការដ្ឋានក្នុងពេលសាងសង់កន្លងមក ដែលការដ្ឋានកំពុងរុះរើសំអាតដឹកចេញ ។ ចំពោះដែកបេឡេតួស្ពានទាំងមូល គឺមិនមានការបាត់បង់ ឬប៉ះពាល់ដល់គ្រោងដែកសំណង់ស្ពានឡើយ ។អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋជ្រាប និងសូមអញ្ជើញធ្វើចរាចរឆ្លងកាត់ជាធម្មតា ។
ការបញ្ជាក់ ខាងលើនេះ បានធ្វើឡើង បន្ទាប់ពីកាលពីទៀបភ្លឺ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ សមត្ថកិច្ចខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួនបុរសជនសង្ស័យចំនួន០៤នាក់ នៅចំណុចស្ពានបាឡេ ដែលស្ថិតនៅចំណុចឃ្លាំងសាំងឬស្សីកែវ ។ ជនសង្ស័យទាំង៤នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីសាកសួរ ។
ជនសង្ស័យទាំង ៤នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនជាជនជាតិខ្មែរអ៊ីស្លាម រួមមាន៖ ទី១. ឈ្មោះ ម៉ោះម៉ូត ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរនេសាទត្រី ស្នាក់នៅលើទូក មានស្រុកកំណើតនៅជ្រោយចង្វារ។ ទី២. ឈ្មោះ មោះម៉ាត់គ្រីយា ភេទប្រុស អាយុ ៥៦ឆ្នាំ មុខរបរនេសាទ ស្នាក់នៅជ្រោយចង្វារ មានស្រុកកំណើតនៅស្រុកកំពុងត្របែក ខេត្តព្រែវែង។ ទី៣. ឈ្មោះ ទីស្មាន់កោះទៀត អាយុ ១៧ឆ្នាំ មុខរបរ នេសាទត្រី ស្នាក់នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយសង្វារ មានស្រុកកំណើតស្រុកស្អាង ខេត្តកណ្តាល។ ចំណែកឯម្នាក់ទៀត មិនស្គាល់ឈ្មោះនៅឡើយទេ ៕



Post a Comment